ទំនាក់ទំនងកម្ពុជា-អាមេរិក ជាទំនាក់ទំនងខ្វះទំនុកចិត្តដែលត្រូវ បង្រួញភាពខុសគ្នាឱ្យតូច
ក្នុងជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៅ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ លោក ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ថា ការមកទស្សនកិច្ចនៅកម្ពុជាលើកនេះ ដោយនាំសាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក គឺ “យើងនឹងធ្វើការជាមួយគ្នា ជាមួយសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្តារ និងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរបានប្រសើរឡើងវិញ។
លោក បានលើកឡើងថា«ប្រទេសទាំងពីរអាចធ្វើការកែ សម្រួលឥរិយាបថ ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់យើង បើទោះបីជាយើងមានទស្សនៈមិនស្របគ្នាលើបញ្ហាមួយចំនួន ក៏ប៉ុន្តែ ទំនាក់ទំនងរបស់យើងនៅលើវិស័យជាច្រើន មានភាពផ្លែផ្កាវិជ្ជមាន ហើយ យើងអាចអង្គុយជាមួយគ្នា ធ្វើការជាមួយគ្នាប្រកបដោយលទ្ធផល ។ »
សម្ដេចតេជោប្រធានព្រឹទ្ធសភា បានឯកភាពចំពោះគោលបំណងរបស់ លោករដ្ឋមន្ត្រី ក្នុងការខិតខំពង្រីកនូវទំនាក់ទំនងល្អឱ្យប្រសើរឡើងវិញ ដោយកន្លងមកសម្ដេចតេជោបានចាត់ទុកថា ទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរមិនអាក្រក់ពេកនោះទេ បើប្រៀបធៀបនឹងអតីតកាល។
សម្តេច បានចាត់ទុកថាកន្លងមក ភាគីទាំងពីរ ខ្វះការជឿទុកចិត្តគ្នាទៅវិញទៅមក ដូច្នេះត្រូវរកវិធីខិតខំកសាងជំនឿទុកចិត្តគ្នាឱ្យបានច្រើន ។ «យើងត្រូវគ្រប់គ្រងភាពខុសគ្នា ទស្សនខុសគ្នា បង្រួញភាពខុសគ្នាឱ្យតូច ទោះពិបាកក៏ដោយ។ ការខ្វះខាតមួយទៀត គឺការខ្វះខាតព័ត៌មានទៅវិញទៅមក និងការវិនិច្ឆ័យខុស ដែលធ្វើឱ្យភាគីមានការយល់ច្រឡំគ្នា ដោយសារមិនបានប្ដូរព័ត៌មានគ្នា មិនបានធ្វើការពិភាក្សាគ្នា»៕