សភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ស្ពានភ្ជាប់កម្ពុជានិងកាណាដា
លោក ខេលវិន ម៉ូ (Kelvin Mo) ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់រូបលោក និងគណៈប្រតិភូ គឺដើម្បីស្វែងយល់បន្ថែមទៀតអំពីសក្ដានុពល និងកាលានុវត្តភាពនៃការវិនិយោគរបស់កម្ពុជា គោលនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញវិនិយោគ និង គោរពស្នើសុំអនុសាសន៍ណែនាំរបស់ សម្ដេចធិបតី ក្នុងការជំរុញ និងផ្សារភ្ជាប់ទំនាក់ទំនងនៃការវិនិយោគរវាងកម្ពុជា និងកាណាដាឱ្យកាន់តែល្អប្រសើរថែមទៀត។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោក ខេលវិន ម៉ូ និងគណៈប្រតិភូ ។ សម្ដេចធិបតី សង្ឃឹមយ៉ាងមុតមាំថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ នឹងសហការជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រីកសក្ដានុពល និងកាលានុវត្តភាពនៃការវិនិយោគ និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។
លោក ខេលវិន ម៉ូ ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដាបានជួបពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០២៤៕