• The People Post

ច្បាស់ហើយ រដ្ឋសភានីតិកាលទី៧ យកប្រជាពលរដ្ឋជាស្នូល

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ក្នុងនាមជាតំណាងរាស្រ្ត ចាំបាច់ត្រូវធ្វើជាតំណាងដ៏ល្អ និងត្រូវបម្រើប្រជាពលរដ្ឋរបស់យើងយ៉ាងពិតប្រាកដ ដោយតម្កល់នូវផលប្រយោជន៍របស់ពួកគាត់ដំបូងគេបង្អស់ នៅពេលធ្វើការសម្រេចចិត្ត និងដាក់ចេញនូវវិធានការណ៍ណាមួយ។

សម្តេចប្រធានរដ្ឋសភា បានស្នើដល់សមាជិកសមាជិការដ្ឋសភាទំាងអស់ ខិតខំបំពេញការងារស្នូលចំនួនបី ជាអាទិ៍ ការងារនីតិកម្ម ការងារជាតំណាង និងការងារតាមដានការអនុវត្តច្បាប់ ឱ្យមានប្រសិទ្ធភាពខ្ពស់។ ក្រៅពីការបំពេញការងារទាំងបីខាងលើ នៅមានការងារសំខាន់មួយទៀត គឺការពង្រឹងនិងពង្រីកទំនាក់ទំនង សហប្រតិបត្តិការជាមួយរដ្ឋសភានិងរដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្តនានានៅលើសកលលោកផងដែរ តាមរយៈវិស័យការទូតសភា (Parliamentary Diplomacy)។

“នាពេលបច្ចុប្បន្ន វិស័យការទូតសភាកាន់តែមានភាពចាំបាច់ សកម្ម និងរស់រវើក ព្រោះស្ថានភាពពិភពលោកមានការវិវត្តប្រែប្រួលឥតឈប់ឈរ និងឆាប់រហ័សបំផុត បន្ថែមលើការប្រកួតប្រជែងនៃភូមិសាស្រ្តនយោបាយ ដែលមានលក្ខណៈមិនប្រាកដប្រជា កាន់តែសាំញុំា និងស្មុគស្មាញឡើងៗ។ ការទូតសភា គឺជាការបង្កើតចំណងមិត្តភាព និងសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ តាមរយៈការចងក្រងគ្នាជាក្រុមអង្គការនិងវេទិកាសភា ទាំងក្នុងតំបន់និងសកលលោក”។ នេះជាការគូសបញ្ជាក់របស់សម្តេចប្រធានរដ្ឋសភា។

សូមជម្រាបថា មកទល់ពេលនេះរដ្ឋសភាកម្ពុជាបានចូលជាសមាជិកនៃអង្គការអន្តរសភាជាច្រើន ដែលក្នុងនោះរួមមានៈ វេទិកាសហភាពអន្តរសភា (IPU) អន្តរសភាអាស៊ាន (AIPA) វេទិកាសភាអាស៊ី (APA) វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF) ភាពជាដៃគូសភាអាស៊ីនិងអ៊ឺរ៉ុប (ASEP), សភានៃបណ្តាប្រទេសប្រើភាសាបារាំង (APF) និងវេទិកាសមាជិកសភាតំបន់អាស៊ី ប៉ាស៊ី-ហ្វិក ដើម្បីប្រជាជននិងការអភិវឌ្ឍ (AFPPD) ជាដើម៕