• The People Post

ដំណឹងល្អ ប្រធានមន្ទីរក្រសួងនានាជិត ឡើងថ្នាក់ស្មើនាយកដ្ឋានហើយ

លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការដំឡើងថ្នាក់ស្មើនាយកដ្ឋានដល់អង្គភាពថ្នាក់ក្រោមជាតិ កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន តំណាងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃក្រសួងមុខងារសាធារណៈសរុបចំនួនប្រមាណ ២៥០នាក់។

កិច្ចប្រជុំបានសម្រេចឯកភាព ទៅលើគោលការណ៍សមាសភាពសម្រាប់ការតែងតាំង និងការដំឡើងថ្នាក់ស្មើនាយកដ្ឋានដល់អង្គភាពថ្នាក់ក្រោមជាតិ។ អង្គប្រជុំបានសម្រេចផងដែរថា ដើម្បីសម្រួលដល់ការអនុវត្ត ជានីតិវិធីនៃការតែងតាំង ក្រសួងសាម៉ីត្រូវធ្វើសំណើតែងតាំងមកក្រសួងមុខងារសាធារណៈ ដោយភ្ជាប់ជាមួយប្រកាស ឬដីការដែលមានជាធរមាន និងសំណុំឯកភាពពាក់ព័ន្ធរបស់ប្រធានមន្ទីរនីមួយៗ។

សូមរំលឹកផងដែរថា អនុក្រឹត្យលេខ ៩១ អនក្រ.បក ស្តីពីការដំឡើងថ្នាក់ស្មើនាយកដ្ឋានដល់អង្គភាពថ្នាក់ក្រោមជាតិ នេះដាក់ចេញដោយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤៕