• The People Post

៦៣ ប្រទេស/គោលដៅ ទទួលទានអង្ករខ្មែរ ក្នុងបរិមាណ៣០ម៉ឺនតោន នៅ៥ខែឆ្នាំនេះ

៥ខែឆ្នាំនេះ កម្ពុជាលក់អង្ករបាន ២១៩លានដុល្លារក្នុងបរិមាណ ៣០ម៉ឺនតោន និងស្រូវ ជិត២.៥លានតោន បានចំណូល ៧១០លានដុល្លារ។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣០២,៥៩២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៩ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះ ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៣៦,៥២៨តោន គិតជាទឹកប្រាក់ចំនួន ១០៤.៤០លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវ ចំនួន ៧៣,៣២០តោន គិតជាទឹកប្រាក់ចំនួន ៤៦.២០លានដុល្លារសហរដ្ឋអាមេរិក។

ក្រៅពីនេះអង្ករកម្ពុជាបាននាំទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន៧ប្រទេសបានបរិមាណ ចំនួន ៦៥,៤១២តោន គិតជាទឹកប្រាក់ចំនួន ៤៦.៣៤ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ២៧ផ្សេងទៀត រួមមាន៖ អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន -ល- បានចំនួន ២៧,៣៣០តោន គិតជាទឹកប្រាក់ចំនួន២២,៩៦លានដុល្លារសហរដ្ឋអាមេរិក។