អាជ្ញាបណ្ណគ្រប់គ្រងកាំភ្លើងរបស់លោក Trump អាចនឹងត្រូវបានដកហូត ក្រោយការកាត់ទោសក្នុងរឿងក្តីប្រាក់បំបិទមាត់
អាជ្ញាបណ្ណគ្រប់គ្រងកាំភ្លើងរបស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានគេរំពឹងថា នឹងត្រូវដកហូត បន្ទាប់ពីរូបលោកត្រូវបានផ្តន្ទាទោសលើបទល្មើសព្រហ្មទណ្ឌចំនួន ៣៤ករណី ពាក់ព័ន្ធនឹងការក្លែងបន្លំកំណត់ត្រាអាជីវកម្ម។ នេះបើយោងតាមអ្នកនាំពាក្យនគរបាលទីក្រុងញូវយ៉ក។
អ្នកនាំពាក្យរូបនេះបាននិយាយថា អាជ្ញាបណ្ណគ្រប់គ្រងកាំភ្លើងរបស់លោក Trump សម្រាប់ទីក្រុងញូវយ៉កត្រូវបានព្យួរ នៅពេលមានការចោទប្រកាន់លើរូបលោក។ ក្រុមធ្វើយុទ្ធនាការរបស់លោក Trump មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងការលុបចោល ដែលត្រូវបានរាយការណ៍ដំបូងដោយប្រព័ន្ធផ្សព្វផ្សាយ CNN។ អាជ្ញាបណ្ណគ្រប់គ្រងអាវុធ ឬកាំភ្លើងនេះ ជាញឹកញាប់ត្រូវបានដកហូត បន្ទាប់ពីមានការកាត់ទោសនៅទីក្រុងញូវយ៉ក។
គួរបញ្ជាក់ថា លោក Trump ត្រូវបានគេរកឃើញថា មានទោស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ជុំវិញការចោទប្រកាន់ចំនួន ៣៤ករណី ពាក់ព័ន្ធនឹងការក្លែងបន្លំកំណត់ត្រាអាជីវកម្ម ជាសាលក្រមប្រវត្តិសាស្ត្រមួយដែលត្រូវបានធ្វើឡើងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលអតីតប្រធានាធិបតីសហរដ្ឋអាមេរិកត្រូវបានកាត់ទោស។
រូបលោកនឹងត្រូវកាត់ទោស នៅថ្ងៃទី១១ ខែកក្កដា ពោលគឺនៅប៉ុន្មានថ្ងៃមុនមហាសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋ ដែលរូបលោកនឹងត្រូវបានតែងតាំងជាផ្លូវការថា ជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សនេះ៕