ស្លូវ៉ាគី និងប្រទេសផ្សេងទៀត ចេញទៅបោះឆ្នោតនៅក្នុងការបោះឆ្នោត EU ក្រោមស្រមោល នៃការប៉ុនប៉ងធ្វើឃាត
អ្នកបោះឆ្នោតនៅប្រទេសស្លូវ៉ាគី អ៊ីតាលី និងប្រទេសសហភាពអឺរ៉ុប (EU) ផ្សេងទៀត កំពុងនាំគ្នាទម្លាក់សន្លឹកឆ្នោតរបស់ពួកគេទៅក្នុងធុង នាថ្ងៃសៅរ៍ (ទី៨ ខែមិថុនា) នេះ ពោលគឺនៅថ្ងៃទី៣ នៃការបោះឆ្នោត ដើម្បីជ្រើសរើសសភាអឺរ៉ុប ដោយគណបក្សប្រជានិយម និងស្តាំជ្រុលនិយម កំពុងសម្លឹងដល់ការទទួលបានផលល្អកាន់តែច្រើនឡើង នៅទូទាំងប្លុក ដែលមានសមាជិក ២៧ប្រទេសនេះ។
នៅស្លូវ៉ាគី ការបោះឆ្នោតនេះត្រូវបានគ្របដណ្ដប់ដោយស្រមោលនៃការប៉ុនប៉ងធ្វើឃាតលើនាយករដ្ឋមន្ត្រី លោក Robert Fico កាលពីថ្ងៃទី១៥ ខែឧសភា ដោយហេតុការណ៍នឹកស្មានមិនដល់នោះ បានបង្កឲ្យមានអារម្មណ៍តក់ស្លុតពេញប្រទេស ដែលមានប្រជាជនចំនួន ៥,៤លាននាក់ និងបានកក្រើកពេញទ្វីបអឺរ៉ុប។ ក្រុមអ្នកវិភាគនិយាយថា ការវាយប្រហារនេះអាចបង្កើនឱកាសឈ្នះឆ្នោតដល់គណបក្សឆ្វេងនិយមរបស់លោកនាយករដ្ឋមន្ត្រី គឺគណបក្ស Smer (ទិសដៅ) ដែលជាដៃគូដ៏សំខាន់នៅក្នុងរដ្ឋាភិបាលចម្រុះ ដែលកំពុងគ្រប់គ្រងប្រទេស។
លោក Fico ដែលចូលកាន់តំណែងកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន បន្ទាប់ពីធ្វើយុទ្ធនាការលើគោលនយោបាយគាំទ្ររុស្ស៊ី និងប្រឆាំងអាមេរិកនោះ បានជាសះស្បើយពីមុខរបួសច្រើនហើយ បន្ទាប់ពីរូបលោកត្រូវបានបាញ់ប្រហារចំត្រង់ពោះ អំឡុងពេលស្វាគមន៍អ្នកគាំទ្រនៅទីក្រុង Handlova។ លោកបានជាសះស្បើយទាន់ពេលវេលា ដើម្បីបាននិយាយទៅកាន់ប្រទេសជាតិ នៅក្នុងវីដេអូដែលបានថតទុក ដែលជាសេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូងរបស់លោក គិតចាប់តាំងពីការបាញ់ប្រហារនោះ ដោយមានរយៈពេលត្រឹមតែប៉ុន្មានម៉ោង នៅមុនការចាប់ផ្តើមនៃថ្ងៃសមុនការបោះឆ្នោត កាលពីថ្ងៃពុធ។
ក្នុងសេចក្ដីថ្លែងការណ៍នោះ ទោះបីជាលោក Fico មិនបាននិយាយដោយផ្ទាល់អំពីការបោះឆ្នោតក៏ដោយ ក៏លោកបានវាយប្រហារ EU ដោយលើកឡើងថា លោកជាជនរងគ្រោះដោយសារតែទស្សនៈរបស់លោកខុសគ្នាដាច់ស្រឡះពីនិន្នាការរបស់អឺរ៉ុប។
នៅប្រទេសអ៊ីតាលីឯណោះវិញ ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ កំពុងបោះឆ្នោតក្នុងរយៈពេល ២ថ្ងៃ ដើម្បីបំពេញអាសនៈសភាអឺរ៉ុបចំនួន 76 ដោយចាប់ផ្តើមពីថ្ងៃសៅរ៍។ គេរំពឹងថា នាយករដ្ឋមន្ត្រី លោកស្រី Giorgia Meloni នឹងក្លាយជាអ្នកឈ្នះដ៏ធំ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់គណបក្សស្តាំជ្រុលនិយមរបស់លោកស្រី គឺគណបក្ស Fratelli d’Italia (បងប្អូនអ៊ីតាលី)។
ចំណែកអ្នកបោះឆ្នោត នៅប្រទេសឡាតវី ម៉ាល់តា និងសាធារណរដ្ឋឆែក ក៏កំពុងបោះឆ្នោតនៅថ្ងៃសៅរ៍នេះផងដែរ។ លទ្ធផលចុងក្រោយនឹងមិនត្រូវបានចេញផ្សាយនោះឡើយ រហូតដល់យប់ថ្ងៃអាទិត្យ នៅពេលដែលប្រទេសនីមួយៗ បានបោះឆ្នោត។ ថ្ងៃបោះឆ្នោតសំខាន់ គឺថ្ងៃអាទិត្យ ដោយពលរដ្ឋ ក្នុងប្រទេសអឺរ៉ុបចំនួន២០ រួមមានទាំងអាល្លឺម៉ង់ បារាំង និងប៉ូឡូញផងដែរ នឹងបោះឆ្នោត នៅក្នុងការបោះឆ្នោត ដើម្បីជ្រើសរើសសភាអឺរ៉ុបដែលមាន ៧២០អាសនៈ៕