• The People Post

កូរ៉េខាងត្បូងប្រុងជើងការត្រៀមសម្រាប់ការមានបាឡុងផ្ទុកសំរាមបន្ថែមទៀត ពីខាងកូរ៉េជើង

យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនកំពុងប្រុងជើងការត្រៀម សម្រាប់​ការមាន​បាឡុង​ផ្ទុក​សំរាម​បន្ថែម​ទៀត ដែលអាចនឹងត្រូវបានបញ្ជូនចេញពីប្រទេសកូរ៉េខាងជើង នៅថ្ងៃអាទិត្យ (ទី៩ ខែមិថុនា​)។

នៅក្នុងសប្តាហ៍មុននេះ កូរ៉េខាងជើងបាន​បញ្ជូន​បាឡុង​រាប់រយ​ដែល​មាន​ថង់សំរាម​ចូល​ទៅ​ក្នុង​ដែនដី​របស់កូរ៉េខាងត្បូង ដោយពណ៌នាថា ជាការឆ្លើយតបទៅ​នឹង​បាឡុង​ឃោសនា​ប្រឆាំង​នឹង​ទីក្រុង​ព្យុងយ៉ាង ដែលបានបញ្ជូនតាមវិធីផ្សេង ដោយសកម្មជនកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងបានប្រកាសផ្អាកការបញ្ជូនបាឡុង កាលពីថ្ងៃទី២ ខែមិថុនា ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ក្រុមនៅកូរ៉េខាងត្បូងមួយដែលមានឈ្មោះថា «Fighters for Free North Korea» (ប្រយុទ្ធដើម្បីសេរីភាពកូរ៉េខាងជើង» បាននិយាយថា ខ្លួនបានបញ្ជូនបាឡុងចំនួន១០ ដោយ​មានតន្ត្រីរបស់អ្នកចម្រៀង K-pop (ខេប៉ុប) និងខិត្តប័ណ្ណចំនួន ២០០.០០០​សន្លឹក​ប្រឆាំង​នឹង​មេដឹកនាំរបស់ប្រទេសនេះ គឺលោកគីម ជុងអ៊ុន។

អ្នកនាំពាក្យរបស់យោធា បានប្រាប់សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ (ទី៨ ខែមិថុនា) នេះថា យោធា​កូរ៉េខាងត្បូង កំពុង «តាមឃ្លាំមើលយ៉ាងដិតដល់ដោយមានការប្រុងប្រយ័ត្ន» ដោយសារតែ «លទ្ធភាពនៃការមានបាឡុងផ្ទុកសំរាមបន្ថែមទៀត នឹងអាចកើតឡើងនៅក្នុងរង្វង់ថ្ងៃស្អែក (ថ្ងៃអាទិត្យ)»។

កូរ៉េខាងជើងបាននិយាយថា ខ្លួននឹងឆ្លើយតបជាមួយនឹង «ក្រដាសជូតមាត់ និងសំរាម» ស្មើនឹង​ចំនួន ១០០ដង ប្រសិនបើកូរ៉េខាងត្បូងបញ្ជូនខិត្តប័ណ្ណបន្ថែមទៀតចូលក្នុងដែនដីរបស់ខ្លួន៕