លោកBiden និងលោកMacron ឈានដល់កិច្ចព្រមព្រៀងលើការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីសម្រាប់អ៊ុយក្រែន
លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានឈានដល់កិច្ចព្រមព្រៀងជាមួយលោកប្រធានាធិបតីបារាំង Emmanuel Macron លើការប្រើប្រាស់ប្រាក់ចំណេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កកដើម្បីជួយអ៊ុយក្រែន។
នៅពេលសួរថាតើមេដឹកនាំទាំងពីរ បានពិភាក្សាគ្នាអំពីបញ្ហានេះហើយឬនៅ និងថាតើលោកទាំង២បានឈានដល់កិច្ចព្រមព្រៀងដែរឬទេ លោក Biden បានឆ្លើយថា មែនហើយ។
ក្រុមប្រទេសG7 និងសហភាពអឺរ៉ុប កំពុងពិចារណាពីរបៀបប្រើប្រាស់ប្រាក់ចំណេញដែលបានមកពីទ្រព្យសកម្មរបស់រុស្ស៊ី ដែលត្រូវបានបង្កកនៅក្នុងបណ្ដាធនាគាររបស់ប្រទេសលោកខាងលិច ដើម្បីផ្តល់ឱ្យអ៊ុយក្រែន និងធានាផ្ដល់ហិរញ្ញប្បទានដល់ ក្រុង គីវ (Kyiv)សម្រាប់ឆ្នាំ២០២៥។
មូលនិធិរបស់ធនាគារកណ្តាលរុស្ស៊ីប្រហែល ២៦០ ពាន់លានអឺរ៉ូ ឬស្មើ ២៨០.៩ ពាន់លានដុល្លារ ត្រូវបានបង្កកនៅទូទាំងពិភពលោក ដែលភាគច្រើននៅក្នុងសហភាពអឺរ៉ុប។ មូលនិធិនេះបង្កើតផលចំណេញចន្លោះពី ២,៥ ពាន់លានទៅ ៣,៥ ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ ដែលសហភាពអឺរ៉ុបនិយាយថាមិនជំពាក់កិច្ចសន្យាជាមួយរុស្ស៊ីទេ ។
គំនិត ដែលផ្ដួចផ្ដើមដោយសហរដ្ឋអាមេរិក ដើម្បីប្រើប្រាស់ប្រាក់ចំណេញនេះជាលំហូរប្រាក់ចំណូលថេរដើម្បីផ្តល់ប្រាក់កម្ចីដ៏ធំក្នុងទំហំ៥០ ពាន់លានដុល្លារ ដែលអាចត្រូវបានដំឡើងនៅលើទីផ្សារ។ រុស្ស៊ីនិយាយថា ការបង្វែរប្រាក់ចំណេញពីមូលនិធិដែលបង្កករបស់ខ្លួន ស្មើនឹងការលួចទ្រព្យសម្បត្តិរុស្ស៊ី៕