• The People Post

អគ្គិភ័យឆេះ អគារនៅប្រទេសគូវ៉ែត បណ្ដាលឱ្យកម្មករបរទេសជិត ៥០ នាក់ស្លាប់

យ៉ាងហោចណាស់មនុស្ស ៤៩ នាក់ បានស្លាប់នៅក្នុងប្រទេសគូវ៉ែត កាលពីថ្ងៃពុធ (១២ មិថុនា) បន្ទាប់ពីអគ្គិភ័យបានឆាបឆេះអគារស្នាក់នៅរបស់កម្មករបរទេស ដោយឧបនាយករដ្ឋមន្ត្រីគូវ៉ែត បានចោទប្រកាន់ម្ចាស់អចលនទ្រព្យថាបានប្រព្រឹត្តការរំលោភបំពានច្បាប់សាងសង់ដែលរួមចំណែកដល់ឧប្បត្តិហេតុបែបនេះ។

សញ្ជាតិរបស់អ្នកដែលបានស្លាប់មិនត្រូវបានអាជ្ញាធរប្រាប់ភ្លាមៗទេ។ ឯកអគ្គរដ្ឋទូតរបស់ប្រទេសឥណ្ឌា បានទៅសួរសុខទុក្ខនៅមន្ទីរពេទ្យដែលកម្មកររងរបួសក្នុងអគ្គិភ័យកំពុងសម្រាកព្យាបាល។ អ្នករួចជីវិតម្នាក់ពីហេតុការណ៍នោះបាននិយាយថា អគ្គិភ័យចាប់ផ្ដើមពីជាន់ខាងក្រោមនៃអគារ ហើយអ្នកដែលនៅជាន់ខាងលើមិនអាចគេចខ្លួនបានទេ។

កម្មកររាប់សិបនាក់ត្រូវបានរាយការណ៍ថារងរបួសក្នុងឧបទ្ទវហេតុនោះ។ ប្រជាជនឥណ្ឌា ជាច្រើននាក់ត្រូវគេរាយការណ៍ថាបានស្លាប់នៅក្នុងអគ្គិភ័យ បើយោងតាមលិខិតមួយដែលផ្ញើទៅកាន់រដ្ឋមន្ត្រីការបរទេសឥណ្ឌា ដែលត្រូវបានចែករំលែកជាមួយសារព័ត៌មាន។

អាជ្ញាធរក្នុងតំបន់មិនបានបង្ហាញពីប្រភេទនៃការងារដែលកម្មករទាំងនោះកំពុងធ្វើទេ ប៉ុន្តែដូចទៅនឹងរដ្ឋឈូងសមុទ្រផ្សេងទៀតដែរ ប្រទេសគូវ៉ែត ពឹងផ្អែកខ្លាំងលើការងារបរទេសនៅក្នុងឧស្សាហកម្មដូចជាសំណង់ រួមទាំងកម្មករមកពីអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍៕