• The People Post

ភ្នំពេញបើកការដ្ឋានសាងសង់ស្ពានអាកាសទី៨

ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ជាស្ពានអាកាសទី៨របស់រាជធានីភ្នំពេញ។

ស្ពានអាកាសភ្លោះនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)ដោយគ្រោងប្រើរយៈពេលសាងសង់ចំនួន ១២ខែ និងត្រូវចំណាយថវិកាចំនួន ១៦,២០០,៥០០ដុល្លារ។ គម្រោងសាងសង់ស្ពានអាកាសនេះ នឹងត្រូវសាងសង់ស្ពានអាកាសភ្លោះជាផ្លូវឯកទិស ដោយស្ពានទី១ មានទិសដៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ និងស្ពានទី២ មានទិសដៅពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះតាមបណ្ដោយមហាវិថី សម្តេចតេជោ ហ៊ុន សែន វិញ។

បច្ចុប្បន្នក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៧ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ (២៤ មិថុនា ២០១០), ស្ពានអាកាស៧មករា (៦ មករា ២០១២), ស្ពានអាកាសស្ទឹងមានជ័យ (៣១ កក្កដា ២០១៤), ស្ពានអាកាស៥មករា (៥ មករា ២០១៦), ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ» (២ កក្កដា ២០១៨) និងស្ពានអាកាសរង្វង់មូលចោមចៅ (៣១ មីនា ២០២២) និងស្ពានអាកាសឫស្សីកែវ ស្ថិតលើផ្លូវជាតិលេខ៥ (៣១ ខែឧសភា ឆ្នាំ២០២៣)។

ក្រៅពីស្ពានអាកាសដែលដាក់ឱ្យប្រើប្រាស់ដូចរៀបរាប់ខាងលើហើយនោះ ក៏នៅមានស្ពានអាកាសមួយកំពុងតែសាងសង់ផងដែរ។ ស្ពានអាកាសដែលកំពុងសាងសង់នេះ គឺស្ពានអាកាស «មរតកតេជោ»។ ស្ពានអាកាស «មរតកតេជោ» គឺជាស្ពានស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ជាមួយមហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវ២៧១។

នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋាន សាងសង់ស្ពានអាកាសភ្លោះខាងលើ៕