ការប្រយុទ្ធគ្នានៅក្រុងរ៉ាហ្វា តំបន់ហ្កាហ្សាកាន់តែខ្លាំង ខណៈភាពតានតឹងកើនឡើងនៅព្រំដែនអ៊ីស្រាអែល-លីបង់
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងការប៉ះទង្គិចគ្នារវាងកងទ័ព និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានធ្វើឱ្យកក្រើកតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ ១៩ មិថុនា បន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានព្រមានថា ខ្លួនបានត្រៀមការវាយលុកប្រឆាំងចលនាហេសបូឡា លីបង់ នៅតាមសមរភូមិមុខ ភាគខាងជើងរបស់ប្រទេស។
សាក្សី និងទីភ្នាក់ងារការពារជនស៊ីវិលនៅតំបន់ហ្កាហ្សាស្ទ្រីប គ្រប់គ្រងដោយក្រុមហាម៉ាស បានរាយការណ៍ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅភាគខាងលិចទីក្រុងរ៉ាហ្វា ជាទីដែលក្រុមគ្រូពេទ្យបាននិយាយថា ការវាយប្រហារដោយយានដ្រូន និងការបាញ់ផ្លោង បានសម្លាប់មនុស្សយ៉ាងហោចណាស់៧នាក់។
យោធាអ៊ីស្រាអែលបានប្រកាសផ្អាកការប្រយុទ្ធប្រចាំថ្ងៃដើម្បីមនុស្សធម៌ក្នុងការប្រយុទ្ធគ្នានៅលើផ្លូវសំខាន់មួយនៅភាគខាងកើត ក្រុង រ៉ាហ្វា (Rafah) ប៉ុន្តែអ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយប៉ុន្មានថ្ងៃក្រោយមកថា វិធានការប៉ុណ្ណឹងមិនអាចគ្រប់គ្រាន់សម្រាប់ប្រជាជនដែលត្រូវការជំនួយបន្ថែមទៀតនោះទេ។
រយៈពេលជាង៨ខែនៃសង្រ្គាមបង្កឡើងដោយការវាយប្រហារមិនធ្លាប់មានពីសំណាក់ក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា លើអ៊ីស្រាអែល បានរុញឲ្យស្ថានភាពមនុស្សធម៌ធ្ងន់ធ្ងរនៅក្នុងទឹកដីប៉ាឡេស្ទីន និងការព្រមានម្តងហើយម្តងទៀតអំពីគ្រោះទុរ្ភិក្សពីអង្គការសហប្រជាជាតិ ៕