WHO ត្រៀមចែករំលែកនូវបច្ចេកទេស ជំនាញ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើកកម្ពស់វិស័យសុខាភិបាល
អង្គការសុខភាពពិភពលោក(WHO) បានត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកនូវបច្ចេកទេស ជំនាញ និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់កម្ពុជាកាន់តែរីកចម្រើន ជាពិសេសការទប់ស្កាត់នឹងជំងឺឆ្លង ដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគត។
លោក សាយអា ម៉ាអ៊ូ ព្យូកាឡា នាយក WHO បានបញ្ជាក់ដូច្នេះពេលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២៤។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ លោក នាយក សាយអា ម៉ាអ៊ូ ព្យូកាឡា ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងអង្គការសុខភាពពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងចូលរួមចំណែកក្នុងការកសាងនូវប្រព័ន្ធសុខាភិបាលមួយនៅកម្ពុជា ប្រកបដោយភាពធន់ ដែននឹងផ្តល់នូវសេវាសុខាភិបាលក្នុងតម្លៃសមរម្យ និងមានគុណភាពខ្ពស់។
សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍមូលធនមនុស្ស ក្នុងនោះវិស័យសុខាភិបាលជាអាទិភាពគន្លឹះមួយ ជាពិសេសក្នុងគោលដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុខភាពរឹងមាំ ប្រកបដោយបញ្ញាស្មារតី និងទទួលបានការអប់រំល្អប្រសើរ។ សម្តេចធិបតី ក៏បានគូសរំលេចបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតែរៀបចំប្រព័ន្ធសុខាភិបាលឱ្យកាន់តែល្អប្រសើរ តាមរយៈការកែលម្អមន្ទីរពេទ្យថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មណ្ឌលសុខភាព ក៏ដូចជាការកសាងនូវមន្ទីរពេទ្យតំបន់ ដែលគ្រោងនឹងរៀបចំឱ្យមានលក្ខណៈល្អប្រសើរ ដោយចាប់ផ្តើមសាកល្បងដំណើរការ
មន្ទីរពេទ្យតំបន់នៅខេត្តសៀមរាប និងខេត្តកំពង់ចាម៕