• The People Post

បញ្ញវន្តជំនាន់ក្រោយចាត់ទុក លោក គាត ឈន់ ជាគ្រូធំ

ក្រុមបញ្ញវន្តជំនាន់ក្រោយ ដែលជាសមាជិករដ្ឋាភិបាលអាណត្តិទី៧ បានចាត់ទុក លោក គាត ឈន់ អតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាថ្នាក់ដឹកនាំគំរូ ជាគ្រូធំ ជាឪពុកធំ និងជាអ្នកបណ្តុះបណ្តាលដ៏ឆ្នើម ។

ក្រុមបញ្ញវន្តមាន លោក កើត រិទ្ឋ លោកយក់ ប៊ុណ្ណា លោក ហួត ពុំ ជាដើម បានសរសេរថា លោក គាត ឈន់ បានចង្អុលបង្ហាញ និងដឹកនាំពួកលោក ទើបមានថ្ងៃនេះ។

“សូមគោរពថ្លែងអំណរគុណ និងកត្តាញ្ញូតាធម៌ដ៏ជ្រាល
ជ្រៅ និងសូមគោរពជូនពរ ឯកឧត្តម កិត្តិបរិរក្សបណ្ឌិត គាត ឈន់ មានជន្មាយុយឺនយូរ ជារយព្រះវស្សា”។

គេនៅចាំបានថា កាលពីចុងឆ្នាំ២០២១ នាពិធីសម្ពោធអគាររដ្ឋបាលនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាការកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរចំពោះលោក គាត ឈន់ ថាមានជំនាញផ្ទេរចំណេះដឹង និងចំណេះធ្វើ ទៅឲ្យអ្នកជំនាន់ក្រោយ។

សម្តេចលើកឡើងថា លោក អូន ព័ន្ធមុនីរ័ត្ន លោក ហង់ជួន ណារ៉ុន និងលោក អ៊ុក រ៉ាប៊ុន ដែលសុទ្ធតែជាអតីតរដ្ឋលេខាធិការក្រោមឱវាទរបស់លោក គាត ឈន់ បានក្លាយជារដ្ឋមន្ត្រីនៅតាមក្រសួងផ្សេងៗ។

លោក គាត ឈន់ អាយុប្រមាណជា៩០ឆ្នាំ ជាប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងគោរមងារជា «កិត្តិបរិរក្សបណ្ឌិត»។ លោកជាមន្ត្រីជាន់ខ្ពស់តាំងពីសម័យសង្គមរាស្ត្រនិយម ហើយបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៣ ៕