• The People Post

បេសកជនUN ការពារការខកខានមិនបានបញ្ចូលស្ត្រីអាហ្វហ្គានីស្ថាន នៅក្នុងកិច្ចប្រជុំជាមួយតាលីបង់ នៅកាតា

មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិប្រចាំនៅអាហ្វហ្គានីស្ថាន បានការពារការខកខានក្នុងការបញ្ចូលស្ត្រីអាហ្វហ្គានីស្ថាន នៅក្នុងកិច្ចប្រជុំលើកដំបូងនាពេលខាងមុខរវាងក្រុមតាលីបង់ និងបេសកជនមកពី ប្រទេសចំនួន ២២ ដោយបញ្ជាក់ថា ការទាមទារសិទ្ធិស្ត្រី គឺពិតប្រាកដណាស់នឹងត្រូវបានលើកឡើង នៅពេលនោះ។

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី Roza Otunbayeva កាលពីថ្ងៃសុក្រ បានឆ្លើយសំណួរ ពីក្រុមអ្នកសារព័ត៌មានអំពីការរិះគន់ពីអង្គការសិទ្ធិមនុស្ស ចំពោះការមិនបញ្ចូលស្ត្រីអាហ្វហ្គានីស្ថាន នៅក្នុងកិច្ចប្រជុំនៅទីក្រុងដូហារបស់ប្រទេសកាតា នៅថ្ងៃទី ៣០ ខែមិថុនា និងថ្ងៃទី១ ខែកក្កដា។

ក្រុមតាលីបង់ បានដណ្តើមអំណាច នៅឆ្នាំ ២០២១ ខណៈដែលកងកម្លាំងសហរដ្ឋអាមេរិក និងអង្គការណាតូ បានដកខ្លួនចេញ បន្ទាប់ពីសង្គ្រាមអស់រយៈពេលពីរទសវត្សរ៍។ គ្មានប្រទេសណាមួយ ទទួលស្គាល់ពួកគេជាផ្លូវការថា ជារដ្ឋាភិបាលរបស់ប្រទេសអាហ្វហ្គានីស្ថាននោះទេ ហើយអង្គការសហប្រជាជាតិ បាននិយាយថា ការទទួលស្គាល់ស្ទើរតែមិនអាចទៅរួចទេ ខណៈដែលការហាមឃាត់លើការអប់រំស្ត្រី និងការងារ នៅតែមាននោះ។