ខេត្តកំពតកំពុងសាងសង់នាឡិកាកម្ពស់ ៣៥ម៉េត្រ ដើម្បីទាក់ទាញអ្នកទរសចរ
ខេត្តកំពត កំពុងរៀបចំសាងសង់នាឡិកាកម្ពស់ប្រមាណ ៣៥ម៉េត្រ មុខនាឡិការមានទំហំមុខកាត់អង្កត់ផ្ចិតប្រមាណ ៩,៧ម៉ែត្រ ដែលរចនាបទនៃការសាងសង់ ធ្វើឡើងដោយខ្មែរសុទ្ធសាធ។ នាឡិកានេះគ្រោងសាងសង់ឱ្យបានរួចរាល់មុនពិធីបុណ្យឆ្លងឆ្នាំសកល ២០២៤-២០២៥ខាងមុខ ក្នុងចន្លោះខែតុលា-វិច្ឆិកា ឆ្នាំ២០២៤។
លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ក្រោយពីទទួលបានការគាំទ្រ និងមានការកើនឡើងចំនួនភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្ត បន្ទាប់ពីមានការស្ថាបនាឱ្យមានឆ្នេរខ្សាច់កម្សាន្ត ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ហើយដើម្បីកែលម្អ ក៏ដូចជាបន្ថែមសោភ័ណភាពក្នុងក្រុងកំពត ពិសេសបង្កើនការទាក់ទាញភ្ញៀវទេសចរឱ្យមកសម្រាកកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើនបន្ថែមទៀតនោះ អាជ្ញាធរខេត្តបាននិងកំពុងរៀបចំបុកគ្រឹះសាងសង់នាឡិកាកម្ពស់ប្រមាណ ៣៥ម៉េត្រនេះ។
ស្របពេលជាមួយនឹងការសាងសង់នាឡិកានេះដែរ អាជ្ញាធរខេត្តកំពតក៏បាននឹងកំពុងរៀបចំស្ថាបនាឆ្នេរខ្សាច់សមុទ្រមួយបន្ថែមទៀត ដែលមានចម្ងាយប្រមាណ ៨គីឡូម៉ែត្រពីកំពង់ផែទេសចរណ៍អន្តរជាតិ ស្ថិតក្នុងស្រុកទឹកឈូ ដើម្បីឱ្យខេត្តមួយនេះមានឆ្នេរសមុទ្រឱ្យភ្ញៀវទេសចរមកលេងកម្សាន្តដូចខេត្តបីផ្សេងទៀត៕