• The People Post

គួរឱ្យរីករាយមេប៉ូលីស បញ្ជាឱ្យបញ្ឈប់ជាបន្ទាន់ការពួនស្នាក់ចាប់ ផាកពិន័យ អ្នកធ្វើដំណើរ

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាម៉ឺងមាត់ដល់ប៉ូលីសចរាចរណ៍ ឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាព ពួនស្នាក់ចាប់ផាកពិន័យអ្នកដែលបើកបរល្មើសច្បាប់ចរាចរណ៍ នៅពេលអនុវត្តវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍។

អគ្គស្នងការនគរបាលជាតិគូសបញ្ជាក់ទៀតថា ចាប់ពីពេលនេះទៅស្នងការនគរបាលរាជធានី-ខេត្ត ត្រូវធ្វើផែនការអនុវត្តឲ្យបានច្បាស់លាស់ តាមអ្វីដែលជាការណែនាំ ហើយអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈសេនាធិការ នឹងធ្វើការតាមដានជាប់ជាប្រចាំ។ ប៉ុន្ដែមុននឹងអនុវត្តការរឹតបន្ដឹងច្បាប់ ត្រូវតែផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាមុន តាមមធ្យោបាយនានា ពិសេសតាមបណ្ដាញផ្សព្វផ្សាយសង្គម។

ការដាក់បទបញ្ជាជាថ្មីរបស់នាយឧត្តមសេនីយ៍ ស ថេត ធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំដកពិសោធន៍ការងាររឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅទីស្ដីការក្រសួងមហាផ្ទៃ៕