• The People Post

សហរដ្ឋអាមេរិកនិយាយថា ខ្លួនបានបង្កើនការព្រួយបារម្ភចំពោះទំនាក់ទំនងរបស់ឥណ្ឌាជាមួយនឹងរុស្ស៊ី

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទក្នុងការឆ្លើយតបទៅនឹងសំណួរអំពីជំនួបរវាងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា សហរដ្ឋអាមេរិកមានក្ដីបារម្ភកាន់តែខ្លាំងចំពោះទំនាក់ទំនងរបស់ឥណ្ឌាជាមួយរុស្ស៊ី ស្របពេលការវាយលុករបស់ក្រុងមូស្គូលើអ៊ុយក្រែននៅតែបន្ត ។

ឥណ្ឌាបានប្រឈមសម្ពាធពីលោកខាងលិចឲ្យឃ្លាតឆ្ងាយពីក្រុងមូស្គូ បន្ទាប់ពីរុស្ស៊ីបានលុកលុយអ៊ុយក្រែន។ មកទល់ពេលនេះ ក្រុងញូវដែលីបានទប់ទល់នឹងសម្ពាធនោះ ដោយលើកឡើងពីទំនាក់ទំនងដ៏យូរអង្វែងរបស់ខ្លួនជាមួយរុស្ស៊ី និងតម្រូវការសេដ្ឋកិច្ចរបស់ខ្លួន។

លោក Modi បានជួបលោក Putin នៅប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃលើកដំបូងរបស់នាយករដ្ឋមន្រ្តីចាប់តាំងពីប្រទេសរុស្ស៊ីបានវាយប្រហារចូលអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២។

នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X លោកនាយករដ្ឋមន្ត្រីបាននិយាយថាការពិភាក្សារបស់លោកជាមួយលោក Putin ប្រាកដជានឹងមានវិសាលភាពធំក្នុងការពង្រឹងចំណងមិត្តភាពបន្ថែមទៀតរវាងប្រទេសទាំងពីរ។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះទីក្រុងវ៉ាស៊ីនតោន បានសម្លឹងមើលទៅទីក្រុង New Delhi ដោយមានក្រុមអ្នកវិភាគនយោបាយនិយាយថា សហរដ្ឋអាមេរិកមើលឃើញថាឥណ្ឌាជាអ្នកប្រឆាំងចិននៅតំបន់ អាស៊ី-ប៉ាស៊ីហ្វិក៕