ប្រមុខ NATO ចោទប្រកាន់ចិនថាអ្នកជួយរុស្ស៊ីបង្កើតសព្វាវុធ ដើម្បីវាយប្រហារអ៊ុយក្រែន
បន្ទាប់ពីការចាត់ទុកប្រទេសចិនថាជាការគំរាមកំហែងនៅឆ្ងាយអស់ពេលរាប់ទស្សវត្សរ៍ អង្គការណាតូ (NATO) កាលពីថ្ងៃពុធ (១០ កក្កដា) បានចោទប្រកាន់ទីក្រុងប៉េកាំង ថាជា «អ្នកជួយដោយប្រយោលក្នុងសង្រ្គាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន» ហើយបានទាមទារឱ្យខ្លួនបញ្ឈប់ការដឹកជញ្ជូន «គ្រឿងបន្លាស់សព្វាវុធ» និងបច្ចេកវិទ្យាផ្សេងទៀតដែលមានសារៈសំខាន់ចំពោះបង្កើតឡើងវិញនៃគ្រឿងយុទ្ធោបករណ៍របស់រុស្ស៊ី។
អគ្គលេខាធិការអង្គការណាតូ លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោនថា «ប្រទេសចិន ផ្តល់ឧបករណ៍ប្រើប្រាស់ មីក្រូអេឡិចត្រូនិច ឧបករណ៍ជាច្រើនផ្សេងទៀត ដែលអាចឱ្យរុស្ស៊ីសាងសង់មីស៊ីល បង្កើតគ្រាប់បែក បង្កើតយន្តហោះ និងដើម្បីបង្កើតអាវុធដែលពួកគេកំពុងប្រើដើម្បីវាយប្រហារអ៊ុយក្រែន ហើយឥឡូវនេះសម្ព័ន្ធមិត្តណាតូទាំងអស់ទាមទារថា ចិនមិនអាចបន្តទង្វើបែបនេះទៀតបានទេ»។
សេចក្តីថ្លែងការណ៍នេះ ត្រូវបានដាក់បញ្ចូលនៅក្នុងសេចក្តីប្រកាសដែលត្រូវបានអនុម័តដោយមេដឹកនាំទាំង ៣២ រូបនៃសម្ព័ន្ធយោធា ភ្លាមៗមុនពេលពួកគេធ្វើដំណើរទៅទទួលទានអាហារពេលល្ងាចនៅឯសេតវិមានកាលពីយប់ថ្ងៃពុធ។ នេះជាការលើកឡើងដ៏សំខាន់មួយរបស់អង្គការណាតូ ដែលរហូតមកដល់ឆ្នាំ២០១៩ មិនដែលនិយាយជាផ្លូវការថាប្រទេសចិន ជាការព្រួយបារម្ភនោះទេ ហើយតែងតែប្រើប្រាស់ភាសាដោយប្រុងប្រយ័ត្នបំផុតចំពោះបញ្ហាចិន។ ឥឡូវនេះ ជាលើកទីមួយហើយ ដែលសម្ព័ន្ធមិត្តបានចូលរួមក្នុងការរិះគន់របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការគាំទ្រផ្នែកយោធារបស់ចិន សម្រាប់រុស្ស៊ី៕