• The People Post

រុស្ស៊ី ចោទរដ្ឋបាលលោក Biden ថាបានបង្កើតស្ថានភាពដែលនាំឱ្យមានការវាយប្រហារលើលោក Trump

វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃអាទិត្យ (១៤ កក្កដា) ថា ខ្លួនមិនជឿថារដ្ឋបាលសហរដ្ឋអាមេរិកទទួលខុសត្រូវចំពោះការប៉ុនប៉ងលួចធ្វើឃាតកាលពីថ្ងៃសៅរ៍ លើបេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នោះទេ ប៉ុន្តែបានចោទប្រកាន់ថារដ្ឋបាលនេះបានបង្កើតបរិយាកាស ឬស្ថានភាពដែលបង្កឱ្យមានការវាយប្រហារ។

លោក Trump ត្រូវបានគេបាញ់ចំត្រចៀកខាងស្ដាំអំឡុងពេលការជួបជុំយុទ្ធនាការបោះឆ្នោតនៅរដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) នៅក្នុងការវាយប្រហារដែលត្រូវបានគេស៊ើបអង្កេតថាជាការប៉ុនប៉ងលួចធ្វើឃាត។ ខ្មាន់កាំភ្លើងត្រូវបានគេបាញ់សម្លាប់ ហើយមន្ត្រីអនុវត្តច្បាប់បាននិយាយថា ពួកគេមិនទាន់កំណត់ពីមូលហេតុអ្វីនៅឡើយទេ ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បានប្រាប់អ្នកយកព័ត៌មានថា «យើងមិនជឿថាការប៉ុនប៉ងដើម្បីកម្ចាត់ និងធ្វើឃាតលើលោក Trump ត្រូវបានរៀបចំឡើងដោយអាជ្ញាធរអាមេរិកបច្ចុប្បន្នទេ ប៉ុន្តែបរិយាកាសជុំវិញបេក្ខភាពលោក Trump បង្កឱ្យមានអ្វីដែលអាមេរិក កំពុងប្រឈមមុខនៅថ្ងៃនេះ»។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានថ្កោលទោសការវាយប្រហារនោះ ដោយនិយាយថា គ្មានកន្លែងសម្រាប់អំពើហិង្សាបែបនេះនៅអាមេរិកទេ។ លោក Peskov បាននិយាយថា រុស្ស៊ីបានថ្កោលទោសអំពើហិង្សាណាមួយនៅក្នុងដំណើរនៃការតស៊ូនយោបាយ។ ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះស្របគ្នាទៅនឹងសម្ព័ន្ធមិត្តបក្សសាធារណៈរដ្ឋមួយចំនួនរបស់លោក Trump ដែលបានស្ដីបន្ទោសភ្លាមៗចំពោះការបាញ់ប្រហារនេះទៅលើលោក Biden៕