• The People Post

ទេសភាពធម្មជាតិដ៏ស្រស់ត្រកាលជាចំណុចទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តផ្លូវបុប្ផាលាក់ខ្លួននៅភ្នំ១៥០០

នាដើមរដូវវស្សានេះ គឺជាពេលដែល ផ្លូវបុប្ផាលាក់ខ្លួន ឬផ្លូវអន្ទង់អាំង ភ្នំ១៥០០ ស្រុកវាលវែង មាន​ទេសសភាពស្រស់ស្អាតបំផុត ហើយមានភ្ញៀវទេសចរណ៍ចូលមកកំសាន្តច្រើន ជាពិសេស គឺ​ថ្ងៃ​ចុង​សប្តាហ៍ ដោយសារទេសភាពធម្មជាតិស្រស់ស្អាត ហើយមានផ្លូវងាយស្រួលធ្វើដំណើរ និង​ពុំ​ទាន់មានភ្លៀងធ្លាក់ខ្លាំង ។

ភ្ញៀវទេសចរដែលបានមកកម្សាន្តនៅផ្លូវបុប្ផាលាក់ខ្លួន ឬផ្លូវអន្ទងអាំង ភ្នំ១៥០០ បាន​បង្ហាញ​ក្តី​រីករាយ និងអារម្មណ៍ស្រស់ស្រាយនៅពេលបានមកកម្សាន្តនៅផ្លូវអន្ទង់អាំង ភ្នំ១៥០០ ដោយ​សារ​ឃើញ​ភាព​ស្រស់ស្អាត នៃបរិស្ថានធនធានព្រៃឈើធម្មជាតិ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។

ដោយសារតែធនធានព្រៃឈើធម្មជាតិ ជាចំណុចទាក់ទាញរបស់ផ្លូវបុប្ផាលាក់ខ្លួន ឬផ្លូវអន្ទង់អាំង ភ្នំ១៥០០ ស្រុកវាលវែង ហើយភ្ញៀវទេសចរ​បានធ្វើដំណើរយ៉ាងវែងឆ្ងាយមកទីនេះ ដោយ​មាន​ក្តី​រំពឹង និងប្រាថ្នាចង់ឃើញពីទេសភាពដ៏ត្រកាលនៃធនធានធម្មជាតិ ហេតុដូចនេះហើយ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចកំណត់ឱ្យដាក់តំបន់ជុំវិញ “ផ្លូវ​បុប្ផា​លាក់​ខ្លួន” ឬ ផ្លូវអន្ទង់អាំង នៅភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាតំបន់​អភិរក្ស​ធម្មជាតិ ដើម្បីបម្រើដល់វិស័យទេសចរណ៍ធម្មជាតិ ជូនប្រជាពលរដ្ឋក្នុង និងក្រៅស្រុក។ បើ​វាស់​ត្រង់​មាន​តំបន់​ផ្លូវបុប្ផាលាក់ខ្លួន ឬផ្លូវអន្ទង់អាំង ប្រវែងត្រឹមតែ ៤គីឡូម៉ែត្រ តែបើវាស់តាម​ប្រវែង​ដែល​បត់​បែង​ចុះ​ឡើងវិញមានប្រវែងដល់ទៅ ១០គីឡូម៉ែត្រឯណោះ ដូច្នេះយើងត្រូវរក្សា​អភិរក្ស​តំបន់​នេះ​ទុក​ជាអត្ថប្រយោជន៍ជាតិរយៈពេលវែង។

គួរឱ្យដឹងដែរថា ចំណុចផ្លូវបុប្ផាលាក់ខ្លួន ឬផ្លូវអន្ទង់អាំង ជាផ្នែកមួយនៃផ្លូវជាតិលេខ ៥៥ដែល​មាន​ប្រវែងសរុប ១៨២,១៦ គ.ម ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ១៩១) ទៅដល់ វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) ដែលសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្រប​ជាមួយការបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ ១០ ប្រវែងសរុប ១៩៨,៧១ គ.ម ចាប់ពី ខេត្តបាត់ដំបង (សំឡូត) កាត់ខេត្តពោធិ៍សាត់ (វាលវែង) ទៅដល់​ខេត្ត​កោះកុង​(ក្រុង​ខេមរភូមិន្ទ​) កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយក្នុងពេលនោះ សម្តេច​បាន​ប្រសិទ្ធ​នាម​ជាផ្លូវបុប្ផាលាក់ខ្លួន៕