• The People Post

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ និស្សិតបានទៅសិក្សានៅក្រៅប្រទេស មានតួនាទីផ្សព្វផ្សាយពីតម្លៃសន្តិភាពនៅកម្ពុជាទៅកាន់ពិភពលោក

ក្នុងឱកាស អនុញ្ញាតឱ្យនិស្សិតជ័យលាភីដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន និងសិង្ហបូរី ជួបសំណេះសំណាលនិងទទួលអនុសាសន៍មុនចេញទៅសិក្សា កាលពីថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២៤នោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានមានប្រសាសន៍លើកឡើងថា ការបោះឆ្នោតឆ្នាំ២០២៣ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនិងជារបត់ថ្មីរបស់កម្ពុជាក្នុងរយៈពេល៥០០ឆ្នាំរបស់ខ្លួន ពីព្រោះជាការផ្ទេរការដឹកនាំប្រទេសដោយរលូន សន្តិវិធី គ្មានផ្ទុះសង្រ្គាម មិនដូចប្រវត្តិសាស្រ្តកន្លងមកឱ្យតែមានការផ្លាស់ប្តូរ គឺតែងតែផ្ទុះសង្រ្គាមកើតឡើង។
ការបោះឆ្នោតឆ្នាំ២០២៣ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលពលរដ្ឋច្រើនលើសលប់បានគំាទ្រគណបក្សប្រជាជនកម្ពុជានៅក្នុងចំណោមគណបក្សប្រកួតប្រជែង១៨។ ពលរដ្ឋជាង៨៤% បានចេញទៅបោះឆ្នោត ហើយ៨២.០៣% ស្មើនឹង ៦.៦លាននាក់ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ លទ្ធផលបោះឆ្នោតបែបនេះ ទើបថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាមាន សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ជាស្ថាបនិក មគ្គទេសក៍ និងប្រតិបត្តិករដ៏ឆ្នើមនាំមកនូវសុខសន្ដិភាពជូនប្រទេសជាតិ បានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ប្រគល់ភារកិច្ចដឹកនាំប្រទេសជាតិជូនទៅឥស្សរជនជំនាន់ក្រោយមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលពោលពេញដោយថាមពល មានចំណេះដឹង និងសីលធម៌ខ្ពស់ ដឹកនាំប្រទេសជាតិបន្ត ក្នុងការធានាការពារសុខសន្តិភាព ជូនប្រជាពលរដ្ឋបានយូរអង្វែងតទៅ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ការចេញទៅសិក្សានៅបរទេសរបស់យុវជននៅក្នុងសម័យសន្តិភាពនេះ ប្រកបដោយមោទកភាព ពីព្រោះថាកម្ពុជាបច្ចុប្បន្នមិនដូចកម្ពុជាក្នុងសម័យសង្រ្គាមឡើយ។ ក្រោមម្លប់សន្តិភាព កម្ពុជាស្មើមុខស្មើមាត់ជាមួយបទេស និងបានកំពុងដើរតួនាទីសំខាន់ក្នុងការចែករំលែកបទពិសោធន៍ពីការស្វែងរកសន្តិភាពដល់ពិភពលលោក ទៀតផង។ ដូច្នេះនិស្សិតកម្ពុជាមានមោទកភាពជាខ្មែរនិងត្រូវតែផ្សព្វផ្សាយអ្វីដែលខ្មែរមាន ដល់បរទេសបានដឹង៕