• The People Post

លោកស្រី Harris បើកយុទ្ធនាការបោះឆ្នោតប្រធានាធិបតីលើកដំបូងចាប់តាំងពីលោក Biden រុញឲ្យទល់ នឹងលោកTrump

លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ចាប់តាំងពីបានចូលប្រកួតប្រជែងតំណែងប្រធានាធិបតី បន្ទាប់ពីលោកប្រធានាធិបតី Joe Biden វ័យ៨១ឆ្នាំ បានបញ្ចប់យុទ្ធនាការបោះឆ្នោតឡើងវិញភ្លាមៗកាលពីថ្ងៃអាទិត្យ ហើយបានគាំទ្រលោកស្រីជាអ្នកស្នងតំណែងរបស់លោករុញឲ្យតតាំងជាមួយលោកTrump។ដោយលោកស្រីបានសរសើរសមិទ្ធផលរបស់លោកប្រធានាធិបតី Joe Biden ។

លោកស្រី Harris បាននិយាយនៅឯព្រឹត្តិការណ៍នៅសេតវិមានថា”កេរដំណែលរបស់លោកJoe Biden ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះគឺមិនអាចប្រៀបផ្ទឹមបាននៅក្នុងប្រវត្តិសាស្រ្តសម័យទំនើប”។ “ជារៀងរាល់ថ្ងៃ ប្រធានាធិបតីរបស់យើង លោក Joe Biden តស៊ូដើម្បីប្រជាជនអាមេរិក ហើយយើងមានការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការបម្រើរបស់លោកចំពោះជាតិរបស់យើង” ។

លោកស្រី Harris មិនបានសំដៅជាទៅលើឋានៈថ្មីរបស់លោកស្រីជាបេក្ខជននាំមុខនៃគណបក្សប្រជាធិបតេយ្យសម្រាប់បេក្ខជនប្រធានាធិបតីបន្ទាប់ពីលោក Biden ដែលបានប្រកាសកាលពីថ្ងៃអាទិត្យថាលោកកំពុងដើរចេញក្រោមសម្ពាធកាន់តែខ្លាំងពីសមាជិកគណបក្សប្រជាធិបតេយ្យ។

ការចាកចេញរបស់លោក Biden គឺជាការតក់ស្លុតចុងក្រោយបំផុតចំពោះការប្រកួតប្រជែងកៅអីនៅសេតវិមាន ដែលរាប់បញ្ចូលទាំងការលួចធ្វើឃាតអតីតប្រធានាធិបតី Trump មិនបានសម្រេច ដោយខ្មាន់កាំភ្លើងម្នាក់ ក្នុងអំឡុងពេលយុទ្ធនាការ និងការតែងតាំងសមាជិកព្រឹទ្ធសភាអាមេរិក លោក J.D. Vance ជាអនុប្រធានាធិបតីរបស់លោក Trump៕