ការស្ទង់មតិ៖ ពលរដ្ឋអ៊ុយក្រែន ៣២% យល់ស្របចំពោះសម្បទានទឹកដីដោះដូរនឹងសន្តិភាពឆាប់រហ័ស
ការស្ទង់មតិមួយបានបង្ហាញកាលពីថ្ងៃអង្គារ (២៣ កក្កដា) ថា ប្រជាជនអ៊ុយក្រែនជិតមួយភាគបីអាចនឹងយល់ព្រមលើសម្បទានទឹកដីមួយចំនួនដល់ប្រទេសរុស្ស៊ី ជាការដោះដូរឱ្យមានការបញ្ចប់សង្រ្គាមឆាប់រហ័ស ពោលគឺកើនឡើងជាងបីដងកាលពីឆ្នាំមុន ទោះបីជាពលរដ្ឋភាគច្រើននៅតែប្រឆាំងនឹងការលះបង់ទឹកដីណាមួយក៏ដោយ ។
វិទ្យាស្ថានសង្គមវិទ្យាអន្តរជាតិទីក្រុងគីវ (KIIS) បាននិយាយថា ការស្ទង់មតិរបស់ខ្លួនលើមនុស្សចំនួន ១.០៦៧នាក់នៅលើទឹកដីកាន់កាប់ដោយអ៊ុយក្រែន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែឧសភា បានរកឃើញថា ចំនួន ៣២ ភាគរយនៃអ្នកឆ្លើយតបនឹងយល់ព្រមចំពោះទម្រង់នៃសម្បទានទឹកដីមួយចំនួន ដោយកើនឡើងពីតួលេខត្រឹមតែ ១០ភាគរយប៉ុណ្ណោះកាលពីដើមឆ្នាំមុន និង ១៩ភាគរយនៅចុងឆ្នាំមុន ខណៈចំនួន ៥៥ភាគរយនៃប្រជាជនអ៊ុយក្រែននៅតែប្រឆាំងនឹងការធ្វើសម្បទានទឹកដីដល់រុស្ស៊ី។
ជិត ២៩ខែចាប់តាំងពីប្រតិបត្តិការយោធាពិសេសរបស់ខ្លួន រុស្ស៊ីកាន់កាប់ប្រហែល ១៨ភាគរយនៃទឹកដីអ៊ុយក្រែន រួមទាំងឧបទ្វីបគ្រីម៉េ (Crimea) ដែលដណ្តើមបានកាលពីឆ្នាំ២០១៤។ កងទ័ពរបស់ទីក្រុងគីវ ហាក់ចាញ់ប្រៀបយ៉ាងខ្លាំងនៅឆ្នាំនេះ ដោយប្រឈមនឹងការវាយលុកកាន់តែខ្លាំងក្លាពីរុស្ស៊ី។
នៅក្នុងការលើកឡើងដែលបានចេញផ្សាយរួមជាមួយការស្ទង់មតិនេះ នាយកប្រតិបត្តិរបស់វិទ្យាស្ថាន KIIS លោក អាន់តុន រ៉ុសេស្គី (Anton Hrushetskyi) បាននិយាយថា ប្រជាជនអ៊ុយក្រែននៅតែប្រឆាំងដាច់ខាតនឹងគំនិតនៃការឈានដល់ការដោះស្រាយសន្តិភាពជាមួយរុស្ស៊ី ទោះត្រូវបង់ខាតអ្វីក៏ដោយ៕