Fox News ស្នើឱ្យមានការជជែកដេញដោលរវាងលោក Trump និងលោកស្រី Harris នៅថ្ងៃទី១៧ ខែកញ្ញា
ទូរទស្សន៍ ហ្វកញូវស៍ (Fox News) បានស្នើឱ្យមានការជជែកដេញដោលតស៊ូមតិបេក្ខជនប្រធានាធិបតីរវាងលោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) និងអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស (Kamala Harris) នៅថ្ងៃទី១៧ ខែកញ្ញា។
លោក Trump កាលពីថ្ងៃអង្គារ សប្ដាហ៍នេះបាននិយាយថាលោក «ពិតជា» ចង់ជជែកដេញដោលទល់នឹងលោកស្រី Harris ហើយ «នឹងមានឆន្ទៈក្នុងការធ្វើលើសពីម្ដងទៅទៀត»។
ទូរទស្សន៍នេះបាននិយាយកាលពីថ្ងៃពុធ (២៤ កក្កដា) ថា ការអញ្ជើញជជែកពិភាក្សានេះនឹងធ្វើឡើងនៅក្នុងរដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) ដែលមានពិធីករ លោក ប្រេដ បៃអឺ (Bret Baier) និងអ្នកស្រី ម៉ាសា មែកខាលឹម (Martha MacCallum) ជាអ្នកសម្របសម្រួល។
នៅក្នុងលិខិតទៅកាន់យុទ្ធនាការលោក Trump និងលោកស្រី Harris ប្រធាន Fox News លោក ចេ វ៉ាលេស (Jay Wallace) និងអនុប្រធានផ្នែកនយោបាយ លោកស្រី ចេស៊ីកា ឡូឃើ (Jessica Loker) បាននិយាយថា «ខ្លួនបើកចំហសម្រាប់ការពិភាក្សាអំពីកាលបរិច្ឆេទ ទម្រង់ និងទីតាំងពិតប្រាកដ ដោយមាន ឬមិនមានទស្សនិកជន»។
យុទ្ធនាការលោក Trump និងលោកស្រី Harris មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់សារព័ត៌មាន CNN សម្រាប់ការធ្វើអត្ថាធិប្បាយនោះទេ។ យុទ្ធនាការរបស់លោក Trump និងប្រធានាធិបតី ចូ បៃដិន (Joe Biden) ពីមុនបានយល់ព្រមលើការជជែកដេញដោលចំនួនពីរដងនៅឆ្នាំនេះ ដែលមួយរៀបចំដោយ CNN ក្នុងខែមិថុនា និងមួយទៀតរៀបចំដោយទូរទស្សន៍ ABC នៅថ្ងៃទី១០ ខែកញ្ញា។ គេមិនច្បាស់ទេថាតើការជជែកដេញដោលនោះនឹងនៅតែកើតឡើង ឬយ៉ាងណា ដោយសារលោក Biden បានដកខ្លួនពីការប្រជែងតំណែងរួចទៅហើយ៕