• The People Post

ក្រុមបាតុករប្រឆាំងកីឡាអូឡាំពិករាប់រយនាក់ ធ្វើការតវ៉ាក្នុងរដ្ឋធានីបារាំង នៅមុនពិធីបើក

ក្រុមបាតុករប្រហែល ៣០០នាក់បានប្រមូលផ្តុំគ្នាតវ៉ានៅទីលានចតុរង្គ ផ្លាស ឌឺឡា រីប៉ាប់ប្លីក (Place de la Republique) ទីក្រុងប៉ារីស កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (២៥ កក្កដា) ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងការប្រកួតកីឡាអូឡាំពិកនៅមុនថ្ងៃនៃពិធីបើក។ ការជួបជុំតវ៉ានេះត្រូវបានរៀបចំឡើងដោយក្រុមចម្រុះបរិស្ថាន និងសង្គមជាង ៨០ក្រុម។

សមាជិកម្នាក់ក្នុងការតវ៉ានោះ ឈ្មោះ ណូអាស ហ្វាចន (Noah Farjon) បាននិយាយ «ទោះជាយើងមិនឯកភាពលើគ្រប់ចំណុចក៏ដោយ ក៏យើងទាំងអស់គ្នាយល់ស្របថាកីឡាអូឡាំពិកគឺជាបញ្ហា ហើយមិនគួរកើតឡើងនោះទេ គួរតែនៅតែត្រូវលុបចោល ព្រោះតម្លៃដែលយើងចំណាយសម្រាប់អូឡាំពិកនេះមិនមែនត្រឹមតែតម្លៃហិរញ្ញវត្ថុទេ គឺតម្លៃសង្គមទាំងមូល»។

អ្នកតវ៉ាផ្សេងទៀតបានរិះគន់ការកើនឡើងនៃតម្លៃដឹកជញ្ជូនសាធារណៈ ផលប៉ះពាល់បរិស្ថាន ការបង្កបញ្ហាដល់អ្នកគ្មានផ្ទះសម្បែង និងការពិតដែលថាអ៊ីស្រាអែលត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងនៅក្នុងកីឡានេះ។

ក្នុងពេលធ្វើបាតុកម្ម មនុស្សប្រមាណ ៥០នាក់តវ៉ាប្រឆាំងនឹងការស្អប់ខ្ពើមជនជាតិជីហ្វ ក៏បានចេញធ្វើបាតុកម្មពាសពេញផ្លូវផងដែរ។ ពួកគេបានប្រមូលផ្តុំគ្នាដើម្បីតវ៉ានឹងការអត្ថាធិប្បាយដែលធ្វើឡើងដោយសមាជិកសភាបារាំង លោក ថូម៉ាស ប៉តតេ (Thomas Porte) នៅក្នុងព្រឹត្តិការណ៍គាំទ្រប៉ាឡេស្ទីនមួយកាលពីដើមសប្តាហ៍នេះ ដែលបាននិយាយថា អត្តពលិកអ៊ីស្រាអែល «មិនត្រូវបានស្វាគមន៍» នៅក្នុងព្រឹត្តិការណ៍កីឡានេះទេ៕