• The People Post

ព្យុះទីហ្វុង ហ្កែមី វាយប្រហារចិន ក្រោយសម្លាប់មនុស្ស២៦ នាក់នៅតៃវ៉ាន់ និងហ្វីលីពីន

ព្យុះទីហ្វុងដ៏ខ្លាំងក្លា ហ្កែមី(Gaemi) បានបោកបក់លើឆ្នេរសមុទ្រភាគអាគ្នេយ៍របស់ប្រទេសចិនកាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះក្នុងខេត្តហ្វូចៀន (Fujian) បន្ទាប់ពីបានបោកបក់ឆ្លងកាត់កោះតៃវ៉ាន់ក្បែរខាង ដែលបានបណ្តាលឱ្យមានបំណាក់ដី និងទឹកជំនន់នៅតំបន់ទំនាប ឆក់យកជីវិតមនុស្ស៤នាក់ នៅលើកោះនេះ។

ព្យុះទីហ្វុង ហ្កែមី បានបោកបក់លើមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច បង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងតាមរដូវកាលពីដើមសប្តាហ៍នេះក្នុងប្រទេសហ្វីលីពីន ដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ២២ នាក់ និងបង្ខំឲ្យមនុស្សរាប់សែននាក់ជម្លៀសចេញពីលំនៅឋានទៅកាន់ទីជម្រកមានសុវត្ថិភាពនានា។ក្រោយស្ថានភាពព្យុះនិងទឹកជំនន់បានធូរស្រាយបន្តិច ប្រជាពលរដ្ឋក្នុងរដ្ឋធានីម៉ានីល បានត្រឡប់ទៅកាន់លំនៅឋានដែលរងការបំផ្លាញ។

ការិយាល័យ និងសាលារៀននៅកោះតៃវ៉ាន់ត្រូវ បានបិទជាថ្ងៃទីពីរកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយមនុស្សត្រូវបានជំរុញឱ្យស្នាក់នៅក្នុងផ្ទះ និងនៅឲ្យឆ្ងាយពីតំបន់ឆ្នេរសមុទ្រ។

ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កោះតៃវ៉ាន់បាននិយាយថា មនុស្សពីរនាក់បានស្លាប់កាលពីថ្ងៃពុធ មុនពេលព្យុះបានបោកបក់នៅពាក់កណ្តាលអធ្រាត្រ ហើយបុរសវ័យ ៧៨ ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីផ្ទះរបស់គាត់ត្រូវបានវាយប្រហារដោយបំណាក់ដីកាលពីរសៀលថ្ងៃព្រហស្បតិ៍។ មនុស្ស៣៨០ នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាបានរងរបួស៕