រដ្ឋមន្ត្រីការបរទេសចិន ព្រមានហ្វីលីពីនជុំវិញការដាក់ពង្រាយមីស៊ីលរបស់អាមេរិក
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានព្រមានហ្វីលីពីន ជុំវិញការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិក ដោយនិយាយថា ទង្វើបែបនេះអាចបញ្ឆេះភាពតានតឹងក្នុងតំបន់ និងជំរុញឱ្យមានការប្រណាំងអាវុធកាន់តែខ្លាំងឡើង។
សហរដ្ឋអាមេរិក បានដាក់ពង្រាយប្រព័ន្ធមីស៊ីល ថៃហ្វុន (Typhon) របស់ខ្លួនទៅហ្វីលីពីន ដែលជាផ្នែកនៃសមយុទ្ធយោធារួមគ្នាកាលពីដើមឆ្នាំនេះ។ មន្ត្រីយោធាហ្វីលីពីនម្នាក់បាននិយាយក្រោយមកថា ប្រព័ន្ធនេះមិនត្រូវបានបាញ់ចេញទេក្នុងអំឡុងពេលធ្វើសមយុទ្ធនោះ ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីរយៈពេលដែលប្រព័ន្ធនេះនឹងស្ថិតនៅក្នុងប្រទេសនោះទេ។
លោក Wang បានប្រាប់រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក អ៊ិនរីកេ ម៉ាណាឡូ (Enrique Manalo) កាលពីថ្ងៃសុក្រ (២៦ កក្កដា) ក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវថា ទំនាក់ទំនងចិន-ហ្វីលីពីន ឥឡូវនេះកំពុងស្ថិតនៅផ្លូវបំបែក ហើយការសន្ទនា និងការពិគ្រោះយោបល់គឺជាផ្លូវត្រឹមត្រូវ។ លោក Wang បន្តថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងប្រឈមមុខនឹងបញ្ហា ដោយសារតែហ្វីលីពីន បាន «បំពានម្តងហើយម្តងទៀតនូវការព្រមព្រៀងរបស់ភាគីទាំងពីរ និងការប្តេជ្ញាចិត្តរបស់ខ្លួន» នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។
លោក Wang បានបន្ថែមថា ប្រសិនបើហ្វីលីពីន ប្រើប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមរបស់អាមេរិក វានឹងបង្កើតភាពតានតឹង និងការប្រឈមមុខគ្នានៅក្នុងតំបន់ និងបង្កឱ្យមានការប្រណាំងអាវុធ ដែលមិនសមស្របនឹងផលប្រយោជន៍ និងបំណងប្រាថ្នារបស់ប្រជាជនហ្វីលីពីននោះទេ»៕