ក្រុមហាម៉ាសនិយាយថា មេដឹកនាំក្រុមលោក អ៊ីស្មេល ហានីយ៉េ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់
សារព័ត៌មានរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា មេដឹកនាំរបស់ក្រុមហាម៉ាស លោក Ismail Haniyeh វ័យ ៦២ ឆ្នាំ និងអង្គរក្ស របស់លោកត្រូវបានសម្លាប់ ក្នុងទីក្រុងតេអេរ៉ង់ បន្ទាប់ពីលំនៅឋានរបស់លោកត្រូវបានដាក់គោលដៅ។
ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បាននិយាយថា មេដឹកនាំក្រុមនេះ លោក អ៊ីស្មេល ហានីយ៉េ ត្រូវបានសម្លាប់ក្នុងទីក្រុងតេអេរ៉ង់ ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រុមអ៊ីស្លាមនេះ បានកាន់មរណទុក្ខនៃការស្លាប់លោក Haniyeh ដែលក្រុមនេះ បាននិយាយថា លោកត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់របស់ពួកជ្វីហ្វជ្រុលនិយមឃោរឃៅលើលំនៅឋានរបស់លោកក្នុងទីក្រុងតេអេរ៉ង់។
មុននេះ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយថា រូបលោកត្រូវបានគេកំណត់គោលដៅនៅក្នុងគេហដ្ឋានរបស់លោក រួមជាមួយនឹងអង្គរក្សជនជាតិអ៊ីរ៉ង់ម្នាក់របស់លោក។ ប្រភពដដែល បាននិយាយថា លោកបានទៅប្រទេសអ៊ីរ៉ង់ ដើម្បីចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោកប្រធានាធិបតី ម៉ាសូដ ប៉េហ្សេស្គីអាន (Masoud Pezeshkian) កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ។ ហើយថា ខ្លួនកំពុងស៊ើបអង្កេតមូលហេតុនៃឧបទ្ទវហេតុនេះ។អ៊ីស្រាអែលនៅមិនទាន់ធ្វើអត្ថាធិប្បាយ អំពីការសម្លាប់លោកនៅឡើយទេ។
គួរឲ្យដឹងថា លោក Haniyeh គឺជាប្រធានគោលនយោបាយដែលត្រូវបាននិរទេសខ្លួនរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស ហើយបានចំណាយពេលជាច្រើន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះនៅក្នុងប្រទេសកាតា។ ក្នុងអំឡុងសង្គ្រាមអ៊ីស្រាអែល-ហ្កាហ្សា លោកបានដើរតួជាអ្នកចរចាក្នុងកិច្ចចរចាបទឈប់បាញ់ និងបានទាក់ទងជាមួយសម្ព័ន្ធមិត្តសំខាន់របស់ក្រុមហាម៉ាស គឺអ៊ីរ៉ង់៕