ក្រសួងបរិស្ថាន ប្រកាសរៀបចំការប្រឡង«ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៤
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង គាំទ្រ និងអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់តម្លៃ និងលើកទឹកចិត្តដល់ភូមិ ឃុំ-សង្កាត់ ដែលអនុវត្តបានល្អនូវលក្ខណសម្បត្តិទី៦ នៃគោលនយោបាយ «ភូមិ ឃុំ- សង្កាត់មានសុវត្ថិភាព»។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី២៩ ខែកក្កដា។
ទន្ទឹមនឹងការប្រកាសនេះ ក្រសួងបរិស្ថាន បានស្នើឱ្យអភិបាលក្រុង ស្រុក ខណ្ឌ ជ្រើសរើសបេក្ខភាពឃុំ-សង្កាត់ឆ្នើម ដែលបានគ្រប់គ្រង ថែរក្សា ការពារធនធានធម្មជាតិ បរិស្ថាន និង បញ្ជ្រាបការយល់ដឹងដល់ពលរដ្ឋអំពីអនាម័យក្នុង ភូមិ ឃុំ-សង្កាត់ប្រកបដោយប្រសិទ្ធភាព បញ្ជូនមក អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន។ ពាក្យស្នើសុំចូលរួមប្រឡងប្រណាំងនេះ មាននៅគ្រប់មន្ទីរបរិស្ថានរាជធានី-ខេត្តសាមី។ កាលបរិច្ឆេទឈប់ទទួលពាក្យផុតត្រឹម នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤៕