លោក Trump និងលោកស្រី Harris ខ្វែងគំនិតគ្នាជុំវិញការជជែកដេញដែលបានគ្រោងទុក
បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បានស្នើឱ្យមានជជែកដេញដោលទល់នឹងអនុប្រធានាធិបតីអាមេរិកខាងបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) នៅលើទូរទស្សន៍ ហ្វកញូវស៍ (Fox News) នៅថ្ងៃទី០៤ ខែកញ្ញា ប៉ុន្តែយុទ្ធនាការលោកស្រី Harris បានប្រកែកថាលោក Trump កំពុងព្យាយាមបដិសេធពីការជជែកដេញដោលដែលត្រូវបានកំណត់រួចហើយសម្រាប់ដំណើរការនៅទូរទស្សន៍ អេប៊ីស៊ី (ABC)។
លោក Trump បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម ទ្រូស សូសល (Truth Social) កាលពីល្ងាចថ្ងៃសុក្រ សប្ដាហ៍មុនថា ច្បាប់ក្នុងការជជែកដេញដោលនោះនឹងស្រដៀងទៅនឹងព្រឹត្តិការណ៍លើកដំបូងជាមួយលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដែរ ប៉ុន្តែលើកនេះនឹងមាន «ទស្សនិកជនពេញវេទិកា» ហើយនឹងប្រព្រឹត្តទៅនៅក្នុងរដ្ឋប្រទាញប្រទង់ ផិនស៊ីលវេនៀ (Pennsylvania)។
លោក Trump និងលោក Biden បានយល់ព្រមលើការជជែកដេញដោលលើកទីពីរនៅថ្ងៃទី១០ ខែកញ្ញា នៅលើទូរទស្សន៍ ABC ដែលអតីតប្រធានាធិបតីរូបនេះបានស្នើថាគួរតែត្រូវបានផ្លាស់ប្តូរទៅធ្វើនៅទូរទស្សន៍ Fox News វិញ ដែលជាបណ្តាញពេញនិយមបំផុតអ្នកគាំទ្ររបស់លោក។
លោកស្រី Harris ដែលកាលពីថ្ងៃសុក្រ ទទួលបានការគាំទ្រគ្រប់គ្រាន់ពីប្រតិភូដើម្បីដណ្តើមយកការតែងតាំងជាបេក្ខជនផ្លូវការពីបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកស្រីគ្រោងនឹងចូលរួមក្នុងការជជែកដេញដោលដែលបានគ្រោងទុកដំបូងជំនួសឱ្យការស្នើឡើងរបស់លោក Trump។ អ្នកនាំពាក្យរបស់លោកស្រី Harris បាននិយាយថា លោក Trump «កំពុងភ័យខ្លាច» ហើយថាយុទ្ធនាការរបស់លោកស្រីរីករាយក្នុងការពិភាក្សារឿងជជែកដេញដោលបន្ថែមទៀតបន្ទាប់ពីថ្ងៃទី១០ ខែកញ្ញា ដែល «យុទ្ធនាការទាំងពីរបានយល់ព្រមរួចហើយ»៕