• The People Post

លោក ណេតាន់យ៉ាហ៊ូ អំពាវនាវឲ្យបង្កើនសម្ពាធលើក្រុមហាម៉ាស ឲ្យដោះលែងចំណាប់ថ្នូរ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា មានតែការបង្កើនសម្ពាធយោធាលើក្រុមហាម៉ាសប៉ុណ្ណោះដែលនឹងជួយដោះលែងចំណាប់ថ្នូរទាំងអស់ដែលត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធ នៅតំបន់ហ្កាហ្សាស្ទ្រីប។

ការិយាល័យនាយករដ្ឋមន្ត្រី បានដកស្រង់សម្តីលោកថា៖«មានតែការបង្កើនសម្ពាធយោធាលើក្រុមហា ម៉ាស់ប៉ុណ្ណោះដែលនឹងនាំឲ្យសម្រេចបាននូវគោលបំណងទាំងអស់នៃសង្គ្រាម រួមទាំងការវិលត្រឡប់មកផ្ទះវិញនៃចំណាប់ថ្នូររបស់យើងទាំងអស់ដែលនៅរស់ និងអ្នកស្លាប់»។

ភាពតានតឹង បានផ្ទុះឡើងម្តងទៀត នៅមជ្ឈិមបូព៌ានៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធមកពីក្រុមបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាសដែលមានមូលដ្ឋាន នៅតំបន់ហ្កាហ្សាស្ទ្រីប បានបើកការលុកលុយដ៏គួរឲ្យភ្ញាក់ផ្អើលនៅលើទឹកដីអ៊ីស្រាអែល ដោយបានសម្លាប់ប្រជាជនអ៊ីស្រាអែលជាច្រើនដែលរស់នៅក្បែរព្រំដែនហ្កាហ្សា និងចាប់ពង្រត់ជនជាតិអ៊ីស្រាអែលជាង ២៤០នាក់ ក្នុងនោះមានស្ត្រី កុមារ និងមនុស្សចាស់។ អ៊ីស្រាអែល បានប្រកាសបិទផ្លូវទាំងស្រុងនៃតំបន់ហ្កាហ្សាស្ទ្រីប និងបានធ្វើការវាយប្រហារ លើដែនដីនេះ និងតំបន់មួយចំនួន ក្នុងប្រទេសលីបង់ និងស៊ីរី ព្រមទាំងប្រតិបត្តិការលើដីប្រឆាំងនឹងក្រុម ហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។ ការប៉ះទង្គិចគ្នា ក៏ត្រូវបានរាយការណ៍ផងដែរ នៅតំបន់វេសបែងផងដែរ។