អាមេរិក៖ Google បំពានច្បាប់ប្រឆាំងការទុកចិត្ត ជុំវិញការផ្តាច់មុខខុសច្បាប់លើម៉ាស៊ីនស្វែងរក
ចៅក្រមអាមេរិក បានសម្រេចកាលពីថ្ងៃចន្ទ (០៥ សីហា) ថាក្រុមហ៊ុន ហ្គូហ្គល (Google) បានបំពានច្បាប់ប្រឆាំងការទុកចិត្ត ដោយចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីបង្កើតភាពផ្តាច់មុខខុសច្បាប់ និងក្លាយជាម៉ាស៊ីនស្វែងរកលំនាំដើមរបស់ពិភពលោក ដែលជាការឈ្នះដ៏ធំលើកដំបូងសម្រាប់អាជ្ញាធរសហព័ន្ធ លើឥទ្ធិពលទីផ្សាររបស់សម្ព័ន្ធបច្ចេកវិទ្យាខ្នាតយក្ស ប៊ីក ធិច (Big Tech)។
ចៅក្រមតំបន់អាមេរិក លោក អាមីត មេតា (Amit Mehta) ទីក្រុងវ៉ាស៊ីនតោន បានសរសេរថា «តុលាការឈានដល់ការសន្និដ្ឋានដូចខាងក្រោម៖ Google គឺជាអ្នកផ្តាច់មុខ ហើយបានដើរតួជាអ្នករក្សាភាពផ្តាច់មុខរបស់ខ្លួន»។Googleគ្រប់គ្រងប្រហែល ៩០ភាគរយនៃទីផ្សារស្វែងរកតាមអ៊ីនធឺណិត និង ៩៥ភាគរយនៅលើប្រព័ន្ធស្វែងរករបស់ស្មាតហ្វូន។
សេចក្តីសម្រេចនេះក៏ជាភ្លើងខៀវដល់ក្រុមអ្នកអនុវត្តច្បាប់ប្រឆាំងការទុកចិត្តរបស់អាមេរិក ក្នុងការកាត់ទោស Big Tech ដែលរងសម្ពាធកាន់តែខ្លាំងឡើងពីគ្រប់វិស័យនយោបាយ។ ភាគហ៊ុនរបស់ Alphabet បានធ្លាក់ចុះ ៤,៥ភាគរយកាលពីថ្ងៃចន្ទ ស្របពេលមានការធ្លាក់ចុះយ៉ាងទូលំទូលាយនៅក្នុងភាគហ៊ុនបច្ចេកវិទ្យា។ Alphabet បាននិយាយថា ខ្លួនគ្រោងនឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ៕