• The People Post

កិច្ចប្រជុំត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការ របស់ ប្រធានរដ្ឋសភា នៅប្រទេសចិននាខែកញ្ញាខាងមុខបានដំណើរការទៅដោយរលួន និងទទួលបានជោគជ័យ

លោកបណ្ដិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងរដ្ឋសភាទទួលបន្ទុកប្រចាំការ និងជានាយកខុទ្ទកាល័យ សម្តេចប្រធានរដ្ឋសភា បានជួបប្រជុំ ពិភាក្សាការងារ ជាមួយ លោកស្រី សឿង រដ្ឋចាវី ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធនិម្មិត (Zoom) នៅរសៀលថ្ងៃទី៨ ខែសីហាឆ្នាំ២០២៤ ដើម្បីសម្របសម្រួល ត្រៀមរៀបចំការងារ ធ្វើយ៉ាងណាឱ្យដំណើរទស្សនកិច្ចរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅសាធារណរដ្ឋប្រជាមានិតចិន នាខែកញ្ញា ខាងមុខបានប្រព្រឹត្តិទៅដោយរលួន ទទួលបានលទ្ធផលល្អ នៅក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា គ្រោងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន នាចុងខែកញ្ញាឆ្នាំ២០២៤នេះខាងមុខនេះ តបតាមការអញ្ជើញរបស់ឯកឧត្តមប្រធានសភាប្រជាជនចិនទូទំាងប្រទេស។

ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ស្ថាប័ននិតិប្បញ្ញត្តិកម្ពុជានិងចិន ឱ្យបានគ្រប់ជ្រុងជ្រោយឡើង ទំាងទ្វេភាគីនិងពហុភាគី ក្នុងការបម្រើដល់ផលប្រយោជន៍ប្រជាជនទំាងសងខាងឱ្យបានផលកាន់តែច្រើនឡើង ស្របតាមចំណងមិត្តភាពជាប្រពៃណីនិងមិត្តភាពដែកថែម កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសទំាងពីរ។