• The People Post

លើសពីដួងព្រលឹងជាតិ សិល្បៈនិងវប្បធម៌ ជាការទូតដែលមិនបាច់និយាយភាសាដូចគ្នា ហើយបានក្លាយជា ជាច្រករបៀងភ្ជាប់ទំនាក់ទំនងកម្ពុជាទៅកាន់ពិភពលោក ដែលអាចទាក់ទាញទេសចរ ពាណិជ្ជកម្ម ជួយសង្គមជាតិ។

ក្នុងន័យខាងលើនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ បន្តយកចិត្តទុកដាក់ គាស់កកាយ នូវសិល្បៈខ្មែរ ដែលស្ទើរបាត់បង់ ឬបានបាត់បង់ទៅហើយ ឱ្យមានសកម្មភាពឡើងវិញ ជាមួយនឹងការបង្កើតនូវគំនិតច្នៃប្រឌិតថ្មី ស្របតាមបរិបទនៃសម័យឌីជីថល ក្នុងន័យថែរក្សាផង និងអភិវឌ្ឍន៍ផង ដើម្បីធ្វើយ៉ាងណារក្សាបាននូវវប្បធម៌ ប្រពៃណីល្អផូរផង់និងសម្បូរបែបរបស់ខ្មែរពីសម័យមហានគរឱ្យបានគង់វង្ស ហើយមានការរីកចម្រើនឡើង។

សម្តេចប្រធានរដ្ឋសភា បានលើកជាឧទាហរណ៍ពីខេត្តឃ្យុងសាងប៊ុកដូ របស់សាធារណរដ្ឋកូរ៉េមកបង្ហាញ។ ខេត្តឃ្យុងសាងប៊ុកដូ ជាទឹកដីមួយដែលមានវប្បធម៌ដ៏ចំណាស់ និងសម្បូរបែប។ គេបានច្នៃប្រឌិតវប្បធម៌ សិល្បៈរបស់គេបូកបញ្ជូលនឹងបច្ចេកវិទ្យាទំនើប ដោយរួមសហការជាមួយវប្បធម៌បរទេស រួមទំាងកម្ពុជាផង បង្កើតបានជាទស្សនីយភាពទាក់ទាញ អាចរកចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់។