ធ្លាក់យន្តហោះនៅទីក្រុងសៅប៉ូឡូ ប្រទេសប្រស៊ីល បណ្តាលឲ្យមនុស្ស៦១នាក់ស្លាប់
ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា យន្តហោះ ហោះក្នុងស្រុកមួយគ្រឿង បានធ្លាក់នៅជិតទីក្រុង Sao Paulo ប្រទេសប្រេស៊ីល កាលពីថ្ងៃសុក្រ បណ្តាលឲ្យមនុស្សទាំងអស់៦១នាក់នៅលើយន្តហោះបានស្លាប់។ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Voepass បាននិយាយថា យន្តហោះ ធ្វើដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Sao Paulo ហោះចេញពីទីក្រុង Cascavel ក្នុងរដ្ឋ Parana ធ្លាក់នៅម៉ោងប្រហែល ១:៣០នាទី រសៀលម៉ោងក្នុងតំបន់ នៅទីក្រុង Vinhedo មានចម្ងាយប្រហែល៨០គីឡូម៉ែត្រ ភាគពាយព្យទីក្រុង Sao Paulo ។
វីដេអូ ដែលបានចែករំលែកនៅលើបណ្តាញផ្សព្វផ្សាយសង្គម បានបង្ហាញឱ្យឃើញយន្តហោះ ATR-72 បានវិលគ្រប់គ្រងលែងបាន ហើយយន្តហោះបានធ្លាក់នៅជិតលំនៅឋានរបស់ប្រជាជន បន្ទាប់មកមានផ្សែងខ្មៅហុយចេញ។ លោក Daniel de Lima ជាអ្នករស់នៅក្បែរនោះ បាននិយាយថា លោកបានលឺសំឡេងខ្លាំងមួយ មុនពេលមើលទៅខាងក្រៅខុនដូរបស់លោក នៅពេលនោះ លោកក៏បានឃើញយន្តហោះហោះកំពុងវិល នៅឆ្ងាយ។
លោកបានប្រាប់សារព័ត៌មានរ៉យទ័រថា «យន្តហោះកំពុងវិលប៉ុន្តែវាមិនទៅមុខនោះទេ»។ ភ្លាមៗនោះ យន្តហោះក៏បានធ្លាក់ ហើយផ្ទុះ។
មន្ត្រីទីក្រុង Valinhos បាននិយាយថា គ្មានអ្នកនៅរស់រានមានជីវិតនោះទេ ហើយលំនៅឋានមួយខ្នងនៅក្នុងអគារខុនដូក្នុងស្រុក បានរងការខូចខាត ខណៈគ្មានអ្នកស្រុកណាម្នាក់រងរបួសឡើយ។ លោក de Lima និយាយថា លោកជឿជាក់ថា អាកាសយានិក បានព្យាយាមគេចចេញពីសង្កាត់ដែលនៅក្បែរនោះ ដែលមានប្រជាជនរស់នៅច្រើន។
អាជ្ញាធរ ពុំបាននិយាយភ្លាមៗពីអ្វីដែលបណ្តាលឱ្យ យន្តហោះធ្លាក់នោះទេ ទោះបីជាប្រធានមជ្ឈមណ្ឌលស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍ប្រេស៊ីល បាននិយាយថា អ្វីដែលគេហៅថា «ប្រអប់ខ្មៅ» របស់យន្តហោះដែលមានការថតសំឡេង និងទិន្នន័យហោះហើរ ត្រូវបានរកឃើញពីទីកន្លែងនោះក៏ដោយ។
វីដេអូនៃការធ្លាក់យន្តហោះ បានបង្ហាញពីអាកាសធាតុស្រលះ ដោយការព្យាករណ៍សម្រាប់តំបន់នេះនិយាយថាមានភ្លៀងធ្លាក់តិច និងខ្យល់បក់ក្នុងល្បឿន១០គីឡូម៉ែត្រក្នុងមួយម៉ោង ។