• The People Post

អាមេរិកនឹងបញ្ជូនមីស៊ីល Stinger និងគ្រាប់រំសេវ ទៅឲ្យអ៊ុយក្រែន ក្នុងកញ្ចប់ជំនួយថ្មី ១២៥ លានដុល្លារ

សេតវិមាន បានប្រកាសកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក នឹងបញ្ជូនសព្វាវុធដល់ប្រទេសអ៊ុយក្រែនបន្ថែមទៀតមានតម្លៃ១២៥លានដុល្លារ ដើម្បីជួយក្នុងប្រតិបត្តិការយោធារបស់ប្រទេសនេះប្រឆាំងរុស្ស៊ី រួមទាំងសមត្ថភាពការពារដែនអាកាសដែលត្រូវការច្រើន ដូចជារ៉ាដាដើម្បីឃើញហេតុការណ៍ និងប្រឆាំងកាំភ្លើងធំ ព្រមទាំងអាវុធប្រឆាំងរថក្រោះរបស់សត្រូវ។

កញ្ចប់ជំនួយចុងក្រោយនេះ ធ្វើឡើងនៅពេលដែលអ៊ុយក្រែន បានចាប់ផ្តើមការវាយលុកតាមជើងគោកទ្រង់ទ្រាយធំរបស់ខ្លួនលើទឹកដីរុស្ស៊ី ចាប់តាំងពីសង្រ្គាម ចាប់ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំ ២០២២។

ការវាយលុកនៅក្នុងទីក្រុង Kursk បានជំរុញឱ្យទីក្រុងមូស្គូប្រកាសគ្រាអាសន្ន និងបញ្ជូនកងកម្លាំងបន្ថែមទៀតទៅទីនោះ។

អ្នកនាំពាក្យសន្តិសុខជាតិ លោក John Kirby បាននិយាយថា ការប្រើប្រាស់អាវុធរបស់អ៊ុយក្រែន ដែលផ្តល់ឲ្យដោយសហរដ្ឋអាមេរិក ក្នុងការវាយលុក គឺស្របតាមគោលនយោបាយរដ្ឋបាល។

រដ្ឋបាលរបស់លោក Biden បានអនុម័តការប្រើប្រាស់របស់ពួកគេក្នុងការវាយប្រហារប្រឆាំងឆ្លងព្រំដែន លើប្រទេសរុស្ស៊ី ប៉ុន្តែពុំមែនដាក់ទៅលើគោលដៅចូលជ្រៅនៅក្នុងប្រទេសរុស្ស៊ីនោះទេ ទោះបីជាចម្ងាយជាក់លាក់ ពុំច្បាស់ក៏ដោយ។

សព្វាវុធនៅក្នុងកញ្ចប់ជំនួយថ្មីនេះ នឹងត្រូវបានយកចេញពីស្តុករបស់សហរដ្ឋអាមេរិក ដែលមានស្រាប់ ហើយនឹងរួមមានទាំងមីស៊ីល Stinger គ្រាប់កាំភ្លើងធំ១៥៥មីលីម៉ែត្រ និង១០៥មីលីម៉ែត្រ គ្រាប់រំសេវ ប្រព័ន្ធជើងទម្របាញ់រ៉ូកែតបម្លាស់ទីហ៊ីម៉ាស(HIMARS) និងយានយន្តជាច្រើនគ្រឿង។

វានាំឲ្យចំនួនជំនួយសរុបរបស់សហរដ្ឋអាមេរិកផ្តល់ដល់ប្រទេសអ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០២២ កើនឡើងដល់ ៥៥,៦ពាន់លានដុល្លារ។