អ្នកតវ៉ាប្រឆាំងការរើសអើងជាតិសាសន៍ ធ្វើបាតុកម្មប្រឆាំងនៅទីក្រុង Crawley ប្រទេសអង់គ្លេស
ក្រុមបាតុករគាំទ្រជនអន្តោប្រវេសន៍ កាលពីថ្ងៃសុក្រ បានមកប្រមូលផ្តុំគ្នា នៅខាងក្រៅទីក្រុង Crawley ភាគខាងត្បូងទីក្រុងឡុងដ្រ៍ ដើម្បីបង្ហាញពីសាមគ្គីភាពរបស់ពួកគេ ជាមួយជនអន្តោប្រវេសន៍ បន្ទាប់ពីបាតុកម្មប្រឆាំងអន្តោប្រវេសន៍ជាច្រើនថ្ងៃ នៅក្នុងទីក្រុងនានា ទូទាំងចក្រភពអង់គ្លេស។
កុបកម្មនៅទូទាំងក្រុងនិងទីក្រុងជាច្រើន បានផ្ទុះឡើងបន្ទាប់ពីការសម្លាប់ក្មេងស្រីបីនាក់ នៅក្នុងព្រឹត្តិការណ៍តន្ត្រី នៅទីក្រុង Southport ជាទីក្រុងឆ្នេរសមុទ្រនៅភាគពាយព្យប្រទេសអង់គ្លេស បន្ទាប់ពីការផ្ញើសារមិនពិតនៅលើបណ្តាញផ្សព្វផ្សាយសង្គម ដែលបានកំណត់អត្តសញ្ញាណថា ឃាតករដែលសង្ស័យ ជាជនអន្តោប្រវេសន៍អ៊ីស្លាមនិយម។
ភាពវឹកវរ បានរីករាលដាល ដោយក្រុមកុបករ បានដាក់គោលដៅទៅលើវិហារអ៊ីស្លាម និងវាយកម្ទេចបង្អួចសណ្ឋាគារ លំនៅឋានអ្នកស្វែងរកសិទ្ធិជ្រកកោនមកពីទ្វីបអាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ា ដោយស្រែកថា «ឲ្យពួកគេចេញទៅ» នៅក្នុងការផ្ទុះឡើងនៃអំពើហិង្សាលើកដំបូង នៅក្នុងប្រទេសអង់គ្លេស ក្នុងរយៈពេល១៣ ឆ្នាំកន្លងទៅនេះ។