កំណាត់ផ្លូវដែក ក្នុងស្រុកក្រគរត្រូវបានជួសជុលនិងដំណើរការឡើងវិញហើយ
សេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា កំណាត់ផ្លូវដែកភាគខាងជើងចំណុចPK-123+350 ប្រវែង១០០ម៉ែត្រ ស្ថិតក្នុងភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ បានខូចខាតដោយសារតែទឹកហូរច្រោះ បន្ទាប់ពីភ្លៀងធ្លាក់ជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ។ តែយ៉ាងណាមិញក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងក្រុមការងារបច្ចេកទេសក្រុមហ៊ុន Royal Railway Cambodia បានជួសជុល ស្តារភ្លាមៗ សម្រាប់ឱ្យខ្សែរថភ្លើងអាចឆ្លងកាត់ជាបណ្តោះអាសន្ន ដើម្បីដំណើរការនិរន្តភាពនៃខ្សែរថភ្លើងសម្រាប់ដឹកអ្នកដំណើរ និងទំនិញ។
គួររំលឹកថា នាថ្ងៃទី៤ ខែសីហា រថភ្លើងមួយខ្សែចេញដំណើរពីបាត់ដំបងឆ្ពោះទៅកាន់រាជធានីភ្នំពេញ បានជួបឧប្បត្តិហេតុធ្លាក់ទូដឹកប្រេងឥន្ធនៈចេញពីដែករ៉ៃលើផ្លូវដែកភាគខាងជើងចំណុចPK-123+350 ស្ថិតក្នុងភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន៧ទូ។ តែហេតុការណ៍នេះ មិនបានធ្វើឲ្យគ្រោះថ្នាក់ដល់អ្នកបើកបរ អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវដែកឡើយ៕