សិស្សក្លិបសិលាចារឹក នៃសាលាជំនាន់ថ្មី ផ្តានអក្សរបុរាណ និងស្វែងយល់ពីអត្ថន័យ
សិស្សថ្នាក់ទី១០ រូបនេះបញ្ចាក់ថា សិលាចារឹក ដែលយកមកតាំងបង្ហាញក្នុងពិព័រណ៍ស្នាដៃយុវជន មិនមែនផ្តានចេញពីសិលាចារឹកដើមនោះទេ គឺយកចេញពីឯកសារចម្លង ដែលមានស្រាប់។ សុសមៈ ពន្យល់ថា ដំបូងអ្នកផ្ដាន ត្រូវជ្រើសរើសអក្សរមួយឃ្លា ដែលសិក្សាអត្ថន័យរួច។ បន្ទាប់មក គេត្រូវយកក្រដាសកាបូនផ្តានលើថ្ម អក្សរចេញរូបរាងនៅលើថ្មហើយ គឺដល់ដំណាក់កាលដាប់។ ដំណាក់កាលនេះគេយកដែកគោលដំនៅលើថុ្មតិចៗ ដោយប្រុងប្រយ័ត្ន តាមអក្សរដែលផ្តានរួច ឱ្យដូចទម្រង់ដើម។ ជំហានបន្ទាប់ គេយកក្រដាសសផ្តានលើតួអក្សរ ដែលដាប់រួច ដោយយកទឹកខ្មៅលាបពីលើ សង្កត់ថ្នមៗជាមួយដុំកំណាត់ រហូតចេញជារូបរាងអក្សរ រួចយកទៅហាលថ្ងៃឱ្យស្ងួត។
ការផ្តានសិលាចារិកនេះ ក្នុងគោលបំណងសិក្សាអំពីការវិវត្តន៍នៃអក្សរខ្មែរ រួមមានព្យញ្ជនៈ ស្រះ សូរសំនៀងអាន របៀបសរសេរ ពីសម័យកាលមួយ ទៅសម័យកាលមួយ ជាពិសេសបច្ចេកទេសក្នុងការចារអក្សរលើថ្មរបស់បុព្វរសខ្មែរ។ សិស្សសាលាជំនាន់ថ្មី អេង កុសមៈ រៀបរាប់ដូច្នេះថា៖ «អក្សសម័យបុរាណពិបាកជាងសម័យបច្ចុប្បន្ន ទាំងការសរសរ ការអាន ត្បិតតែអក្សរខ្មែរដូចគ្នាប៉ុន្តែមានការវិត្តន៍ជាច្រើនសតវត្សរ៍។ អ៊ីចឹងទម្រង់អក្សរ សក់ ជើង របស់ស្រះ ព្យញ្ជនៈ ខុសគ្នាច្រើន»។
យុវតីវ័យ១៥ ឆ្នាំរូបនេះ ទទូចឱ្យយុវជនចូលរួមអភិរក្ស និងលើកម្ពស់អក្សសាស្រ្តជាតិ តាមរយៈការការអាន ការសរសេរឱ្យត្រូវវេយ្យាករណ៍ មិនខុសអក្ខរាវិរុទ្ធ សិក្សាអំពីសាវតា ក៏ដូចជាកាវិវត្តន៍របស់អក្សរជាតិ ដើម្បីស្គាល់ថាអ្វីជារបស់ខ្លួនឯងឱ្យបានច្បាស់។ សូមបញ្ជាក់ថា ពិព័រណ៍ស្នាដៃយុវជន ធ្វើឡើងចាប់ពីថ្ងៃទី៨-៩ សីហា ក្នុងឱកាសទិវាអន្តរជាតិដើម្បីយុវជន នៅវិទ្យាស្ថានជាតិអប់រំ(NIE)៕