• The People Post

អ៊ុយក្រែននិងរុស្ស៊ីចោទដាក់គ្នា ជុំវិញការបាញ់ប្រហារលើរោងចក្រនុយក្លេអ៊ែរកាន់កាប់ដោយក្រុងមូស្គូ

ទីក្រុងមូស្គូ និងទីក្រុងគៀវ បានចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ថាបានចាប់ផ្ដើមបាញ់លើមូលដ្ឋានរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសស៊ៀ (Zaporizhzhia) ដែលកាន់កាប់ដោយរុស្ស៊ីកាលពីថ្ងៃអាទិត្យ ខណៈអ៊ុយក្រែន បានជំរុញឱ្យអ្នកស្រុករក្សាភាពស្ងប់ស្ងាត់ និងរាយការណ៍ថាមិនមានសញ្ញានៃការភាយចេញសារធាតុវិទ្យុសកម្មនោះទេ។

ទីភ្នាក់ងារឃ្លាំមើលថាមពលបរមាណូអន្តរជាតិ (IAEA) របស់អង្គការសហប្រជាជាតិ ដែលមានវត្តមាននៅរោងចក្ររ៉េអាក់ទ័រចំនួនប្រាំមួយដ៏ធំនោះ បាននិយាយថា ក្រុមអ្នកជំនាញរបស់ខ្លួនបានឃើញផ្សែងខ្មួលខ្មាញ់ហុយចេញពីតំបន់ភាគខាងជើងនៃរោងចក្រនេះស្ថិតនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន បន្ទាប់ពីមានការផ្ទុះជាច្រើន។

លោកប្រធានាធិបតីអ៊ុយក្រែនVolodymyr Zelensky បានចោទប្រកាន់រុស្ស៊ីពីបទបាញ់បំផ្លាញដែលលោកបាននិយាយថា អាចមើលឃើញពីទីក្រុង Nikopol គ្រប់គ្រងដោយរដ្ឋធានី Kyiv។

លោក អ៊ីវហ្គេនី បាលីតស្គី (Evgeny Balitsky) មន្ត្រីលើកបន្តុបដោយរុស្ស៊ីនៅភាគខាងត្បូង ដែលខ្លួនបានកាន់កាប់ បានចោទប្រកាន់កងកម្លាំងក្រុងKyiv ថាបានបង្កឱ្យមានអគ្គិភ័យដោយសារតែការបាញ់ផ្លោងទីក្រុង អ៊ីណើហូដា (Enerhodar) ក្បែរនោះ ដែលដូចជារោងចក្រនេះ ត្រូវបានដណ្ដើមយកដោយរុស្ស៊ីភ្លាមៗ បន្ទាប់ពីការលុកលុយកាលពីខែកុម្ភៈឆ្នាំ ២០២២។

IAEA បាននិយាយនៅលើបណ្ដាញសង្គម X ថា ពុំមានរបាយការណ៍ប៉ះពាល់ដល់សុវត្ថិភាពនុយក្លេអ៊ែរនៅកន្លែងនោះទេ៕