ក្រុមហាម៉ាសអំពាវនាវឱ្យមានផែនការអនុវត្តលើកិច្ចចរចាកន្លងទៅស្តីពីបទឈប់បាញ់នៅហ្កាហ្សា
ក្រុមហាម៉ាសបានស្នើឱ្យក្រុមអ្នកសម្របសម្រួលបង្ហាញផែនការដោយផ្អែកលើកិច្ចចរចាបទឈប់បាញ់កាលពីកន្លងទៅ ជាជាងការព្យាយាមស្វែងរកកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មីនៅដែនដី ហ្កាហ្សា ប៉ុន្មានថ្ងៃមុនកិច្ចចរចា ស្នើឡើងដោយសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា។
រដ្ឋាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសតំបន់ហ្កាហ្សាស្រ្ទីប និយាយថា មនុស្សជាង ១០០នាក់ ត្រូវបានសម្លាប់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលលើសាលារៀនក្នុងទីក្រុងហ្កាហ្សា ។
ក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Telegram ផ្លូវការរបស់ខ្លួន ក្រុមនេះបាននិយាយថា ខ្លួនចង់បានផែនការមួយ ផ្អែកលើសំណើបទឈប់បាញ់ថ្ងៃទី ៣១ ឧសភា របស់លោកប្រធានាធិបតីអាមេរិក Biden ជាក្របខ័ណ្ឌដែលដាក់ចេញដោយក្រុមអ្នកសម្របសម្រួល កាតា និងអេហ្ស៊ីប កាលពីថ្ងៃទី៦ខែឧសភា និងសេចក្ដីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ ២៧៣៥ ។
សំណើថ្ងៃទី ៦ឧសភា ដែលក្រុមហាម៉ាសធ្លាប់បានយល់ព្រមកាលពីកន្លងទៅ ហើយអ៊ីស្រាអែលបានបដិសេធ ក៏ធានាផងដែរនូវការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ក៏ដូចជាចំនួនមិនជាក់លាក់នៃជនជាតិប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាសកាលពីថ្ងៃអាទិត្យបានបន្ថែមថា ក្រុមអ្នកសម្របសម្រួលគួរតែអនុវត្តសំណើថ្ងៃទី ៦ ឧសភា អ៊ីស្រាអែល ជំនួសឱ្យការបន្តការចរចាបន្ថែមទៀត ឬសំណើថ្មីដែលនឹងផ្តល់ការបិទបាំងសម្រាប់ការឈ្លានពានរបស់អ៊ីស្រាអែល និងផ្តល់ពេលវេលាបន្ថែមទៀតដើម្បីបន្តសកម្មភាពប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនរបស់យើង៕