តុលាការធម្មនុញ្ញថៃ សម្រេចបញ្ចប់តំណែងរបស់លោក សេដ្ឋា
តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធ ទី១៤ ខែសីហា នេះ បានសម្រេចបញ្ចប់តំណែងនាយករដ្ឋមន្ត្រីរបស់លោក សេដ្ឋ ថាវីស៊ីន ពីបទបំពានរដ្ឋធម្មនុញ្ញ ជុំវិញការតែងតាំងគណៈរដ្ឋមន្ត្រី ដោយនេះជាការសម្រេចមួយទំនងជាធ្វើឲ្យនយោបាយថៃវិលទៅរកភាពចលាចល ក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីមានការផ្លាស់ប្តូររបបដឹកនាំ។
កាលពីខែឧសភា តុលាការបានទទួលយកញត្តិដែលត្រូវបានប្ដឹងដោយសមាជិកព្រឹទ្ធសភាចំនួន ៤០រូប ដែលស្នើសុំបញ្ចប់លោក សេដ្ឋា ពីតំណែងនាយករដ្ឋមន្ត្រី។ សមាជិកព្រឹទ្ធសភាទាំងនោះ បានអះអាងថា ការតែងតាំងរបស់លោក សេដ្ឋា ឲ្យលោក Pichit Chuenban កាន់តំណែងរដ្ឋមន្ត្រីប្រចាំខុទ្ទកាល័យ កាលពីខែមេសា គឺផ្ទុយនឹងរដ្ឋធម្មនុញ្ញ ខណៈដែលលោក Pichit ធ្លាប់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ខែ ជុំវិញសំណុំរឿងសូកប៉ាន់។
រដ្ឋធម្មនុញ្ញចែងថា រដ្ឋមន្ត្រីរូបណាម្នាក់មិនត្រូវមានឥរិយាបទដែលរំលោភបំពានធ្ងន់ធ្ងរ ឬមិនគោរពតាមបទដ្ឋានសីលធម៌ទេ ហើយថា ការបម្រើការងាររបស់លោក ឬលោកស្រីរូបនោះ ត្រូវបញ្ចប់នៅពេលរំលោភច្បាប់។
លោក សេដ្ឋា បានមានប្រសាសន៍ថា ដំណើរការនៃការតែងតាំងលោក Pichi ជារដ្ឋមន្ត្រី គឺធ្វើឡើងដោយស្របច្បាប់ និងប្រុងប្រយ័ត្ន ដោយលោកបន្ថែមថា លោកនឹងគោរពសេចក្តីសម្រេចរបស់តុលាការ ដោយមិនខ្វល់ថា លទ្ធផលបែបណាឡើយ។ សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ គឺសាលក្រមស្ថាពរ ហើយមិនអាចប្តឹងឧទ្ធរណ៍បាននោះទេ។
ដោយមេដឹកនាំក្នុងតំណែងបានលាលែង សមាជិកសភានឹងកោះប្រជុំបោះឆ្នោតសភា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដែលត្រូវតែជាបេក្ខជននាយករដ្ឋមន្ត្រី ដែលគណបក្សនយោបាយដាក់ជូនគណៈកម្មាធិការរៀបចំការបោះឆ្នោត មុនការបោះឆ្នោតសកលចុងក្រោយ។
គណបក្សភឿថៃ (Pheu Thai) ដែលកំពុងកាន់អំណាច មានបេក្ខជន ២រូបទៀត គឺលោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ និងអតីតអគ្គព្រះរាជអាជ្ញា លោក Chaikasem Nitisiri៕