ចិន និងវៀតណាម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ១៤ បន្ទាប់ពីជំនួបមេដឹកនាំទាំង២
ប្រទេសចិន និងវៀតណាម កាលពីថ្ងចន្ទសប្ដាហ៍នេះ បានចុះហត្ថលេខាលើឯកសារចំនួន ១៤ ដែលគ្របដណ្ដប់លើផ្លូវរថភ្លើង ឆ្លងកាត់ព្រំដែនទៅកាន់ការនាំចេញក្រពើ បន្ទាប់ពីលោកប្រធានាធិបតីចិន Xi Jinping បានជួបជាមួយមេដឹកនាំវៀតណាម លោក តូ ឡឹម (To Lam) នៅទីក្រុងប៉េកាំង។
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាមទៅកាន់ទីក្រុងប៉េកាំង ដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកចាប់តាំងពីបានក្លាយជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមកាលពីដើមខែនេះ បង្ហាញពីបំណងប្រាថ្នារវាងប្រទេសជិតខាងទាំងពីរក្នុងការពង្រឹងទំនាក់ទំនង ស្របពេលមានការកើនឡើងនៃទំហំពាណិជ្ជកម្ម និងការវិនិយោគ ទោះបីជាមានការប៉ះទង្គិចគ្នាម្តងម្កាលជុំវិញព្រំដែនក្នុង សមុទ្រចិនខាងត្បូងក៏ដោយ។
លោក Xi បាននិយាយនៅក្នុងកិច្ចប្រជុំថា ចិនតែងតែចាត់ទុកវៀតណាមជាអាទិភាពក្នុងទំនាក់ទំនងការទូតប្រទេសជិតខាតរបស់ខ្លួន ហើយគាំទ្រវៀតណាមក្នុងការប្រកាន់ខ្ជាប់នូវការដឹកនាំបក្ស ប្រកាន់យកមាគ៌ាសង្គមនិយមសមស្របទៅនឹងលក្ខខណ្ឌប្រទេសរបស់ខ្លួន និងពង្រឹងបុព្វហេតុកំណែទម្រង់ និងទំនើបកម្មសង្គមនិយម។
លោក Xi ដែលបានគូសបញ្ជាក់អំពីការបង្កើតទំនាក់ទំនងការងារល្អ និងមិត្តភាពផ្ទាល់ខ្លួនជាមួយលោក ឡឹម បានលើកឡើងថា ខ្ញុំជឿជាក់ថាផ្លូវរបស់យើងនឹងពង្រីកកាន់តែទូលំទូលាយ នៅពេលដែលយើងដើរទៅមុខបន្ថែមទៀត ។
លោក ឡឹម បានហៅទំនាក់ទំនងទ្វេភាគីថាជា អាទិភាពកំពូលក្នុងគោលនយោបាយខាងក្រៅរបស់វៀតណាម ហើយបានហៅដំណើររបស់រូបលោកទៅកាន់ប្រទេសចិនថាជា ការអះអាងរបស់បក្ស និងរដ្ឋាភិបាលវៀតណាម ក្នុងការផ្ដល់តម្លៃដល់ទំនាក់ទំនងជាមួយប្រទេសចិន៕