សន្តិសុខត្រូវបានរឹតបន្តឹង ក្រោយការវាយប្រហារដុតរថយន្តនៅមុខព្រះវិហារទីក្រុង La Grande-Motte ប្រទេសបារាំង
ក្រុមមន្រ្តីនិយាយថា មន្រ្តីនគរបាលម្នាក់ បានរងរបួស ពេលដែលរថយន្តរងការឆាបឆេះជាអគ្គិភ័យនៅចំណតរថយន្តមុខព្រះវិហារជនជាតិជ្វីហ្វ ស្ថិតនៅទីក្រុងភាគខាងត្បូង La Grande-Motte ប្រទេសបារាំងកាលពីថ្ងៃសៅរ៍ ហើយពួកគេបានចាត់ទុកឧបទ្ទេវហេតុនេះ ថាជាការវាយប្រហារដោយចេតនា ហើយសន្តិសុខនៅសហគមន៍ជ្វីហ្វ ត្រូវបានរឹតបន្តឹង ។
នាយករដ្ឋមន្រ្តីបារាំងលោក Gabriel Attal និយាយថា នគរបាល កំពុងតាមប្រម៉ាញ់ចាប់ខ្លួនជនសង្ស័យ ហើយការិយាល័យរដ្ឋអាជ្ញាប្រឆាំងអំពើភេរវកម្ម ដាក់ឲ្យទទួលខុសត្រូវការស៊ើបអង្កេត ។
បារាំង ដូចគ្នានឹងប្រទេសដទៃទៀតដែរនៅអឺរ៉ុប ត្រូវបានគេមើលឃើញការហក់ឡើងខ្ពស់ឧបទ្ទេវហេតុប្រឆាំងជនជាតិជ្វីហ្វ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ហើយនិងការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្រ្ទីប ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា រថយន្ត ២គ្រឿង ដែលរថយន្ត ១គ្រឿងមានដបហ្គាស ត្រូវបានដុតបំផ្លាញ នៅចំណតរថយន្តព្រះវិហារ កាលពីវេលាម៉ោង ៨ និង ៣០នាទីព្រឹក(ត្រូវនឹងម៉ោង ៦ និង ៣០នាទី ម៉ោងសកល) ថ្ងៃសៅរ៍ ។
ក្រុមនគរបាល បានបញ្ជាក់ពីការលួចដុតដោយចេតនានេះ ប៉ុន្តែពួកគេពុំបានផ្តល់សេចក្តីលម្អិតបន្ថែមទៀតនោះទេ ។
ដោយឡែក លោក Gerald Darmanin គឺជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងនិយាយថា ការការពាររបស់នគរបាលនៅតាមព្រះវិហារ សាលារៀន និងហាងជនជាតិជ្វីហ្វ នឹងត្រូវរឹតបន្តឹងនៅទូទាំងប្រទេសបារាំង ៕