• The People Post

ប្រធានធនាគារជាតិកម្ពុជា ជាប់ចំណាត់ថ្នាក់ A- ជាអ្នកដឹកនាំធនាគារកណ្តាលមានប្រសិទ្ធភាពប្រចាំឆ្នាំ២០២៤

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ត្រូវបានទស្សនាវដ្តីអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- ជាទេសាភិបាលមួយដែលដឹកនាំធនាគារកណ្តាលមានប្រសិទ្ធភាពប្រចាំឆ្នាំ២០២៤ នៅលើពិភពលោក។

ចំណាត់ថ្នាក់នេះ ក៏ត្រូវបានប្រគល់ជូនឥស្សរជនល្បីៗក្នុងវិស័យហិរញ្ញវត្ថុលើពិភពលោកដូចជា លោកជំទាវ Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប ឯកឧត្តម Jerome H. Powell ប្រធានធនាគារកណ្តាលអាមេរិក និងឯកឧត្តម Eli Remolona ទេសាភិបាលធនាគារកណ្តាលហ្វីលីពីន ជាដើម។

តាមការបញ្ជាក់របស់ធនាគារជាតិកម្ពុជាថា ទស្សនាវដ្តី Global Finance បានដាក់ចំណាត់ថ្នាក់នេះ ដោយជ្រើសចេញពីក្នុងចំណោមថ្នាក់ដឹកនាំធនាគារកណ្តាលប្រមាណ ១០០ ប្រទេស តាមរយៈការពិនិត្យលើប្រសិទ្ធភាពនៃការអនុវត្តនយោបាយរូបិយវត្ថុ ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច រក្សាស្ថិរភាពរូបិយវត្ថុ គ្រប់គ្រងអតិផរណា និងអត្រាការប្រាក់៕