• The People Post

ទស្សនាទំាអស់គ្នា នេះជាតម្រាយផ្លូវ “ព្រែកជីកហ្វូណនតេជោ”

មន្រ្តី អនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” នៅព្រឹកថ្ងៃច័ន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤ ។ ការចុះពិនិត្យនេះ គោលបំណង ស្វែងយល់អំពីភូមិសាស្ត្រផ្លូវទឹកដែលមានតាំងពីសម័យហ្វូណនមក ក៏ដូចជាស្វែងយល់អំពីតម្រាយ ផ្លូវទឹកគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា។

គណៈប្រតិភូបានចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកដោយជិះកាណូត-អូប័រ ចាប់ពីព្រែកតាហ៊ីង នៃស្រុកកោះធំ ខេត្តកណ្តាល ទៅទីរួមស្រុកអង្គរបូរី ខេត្តតាកែវ ដោយឆ្លងកាត់តាមព្រែកតាហ៊ីង ព្រែកក្បាលខ្មោច និងស្ទឹងអង្គរបូរី រួចបន្ដទៅស្ទឹងអូរកែវ រហូតដល់ព្រំប្រទល់កម្ពុជា-វៀតណាម។

បន្ទាប់មកទៀតគណៈប្រតិភូបានបន្តដំណើរពីទីរួមស្រុកអង្គរបូរីទៅក្រុងដូនកែវនៃទីរួមខេត្តតាកែវ តាមប្រឡាយ១៥ និងបន្តដំណើរពិនិត្យទីតាំងគ្រោងសាងសង់សន្ទះ ផ្លូវទឹក នៅត្រង់ទំនប់អូរពុំ ខេត្តតាកែវ ដែលទ្វារទឹកនេះ ជាផ្នែកមួយក្នុងចំណោមទ្វារទឹកចំនួន៣។

បេសកកម្មនេះធ្វើឡើងដើម្បីបញ្ជាក់អោយបានច្បាស់លាស់ថាតម្រាយផ្លូវទឹកព្រែកជីកហ្វូណនតេជោពិតជាធ្វើតាមផ្លូវទឹកចាស់ៗដែលមានស្រាប់ ពុំបានស្តារ និងអភិវឌ្ឍជាច្រើនទសវត្សរ៍មកហើយ និងដើម្បីជំរុញការងារអនុវត្តគ្រោងឱ្យបានលឿនទៅមុខ និងទាន់ពេលវេលា៕