• The People Post

ប្រធានាធិបតីអ៊ុយក្រែន នឹងបង្ហាញផែនការបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី ដល់លោក Biden

ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអង្គារ (២៧ សីហា) ថា សង្គ្រាមជាមួយរុស្ស៊ី នៅទីបំផុតនឹងត្រូវបញ្ចប់ដោយការសន្ទនា ប៉ុន្តែទីក្រុងគីវ ត្រូវតែស្ថិតក្នុងជំហររឹងមាំក្នុងការចរចានោះ ហើយថាលោកនឹងបង្ហាញផែនកាបញ្ចប់សង្រ្គាមនេះដល់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងបេក្ខភាពប្រធានាធិបតីបន្ទាប់ដ៏មានសក្តានុពលទាំងពីរនាក់របស់សហរដ្ឋអាមេរិក។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន មេដឹកនាំអ៊ុយក្រែនរូបនេះបាននិយាយថា ការវាយលុករយៈពេលបីសប្តាហ៍របស់ទីក្រុងគីវ ចូលទៅក្នុងតំបន់ ឃើស (Kursk) របស់រុស្ស៊ី គឺជាផ្នែកមួយនៃផែនការបញ្ចប់សង្រ្គាមនោះ ប៉ុន្តែវាក៏រួមបញ្ចូលនូវជំហានផ្សេងទៀតលើផ្នែកសេដ្ឋកិច្ច និងការទូតផងដែរ។

លោក Zelenskiy បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងគីវ ពីសង្រ្គាមដែលបានចាប់ផ្តើមតាំងតែពីខែកុម្ភៈ ឆ្នាំ២០២២នេះថា «ចំណុចសំខាន់នៃផែនការនេះគឺបង្ខំឱ្យរុស្ស៊ីបញ្ចប់សង្រ្គាម ហើយយើងពិតជាចង់បានសន្តិភាពមកវិញខ្លាំងណាស់ រួមទាំងភាពយុត្តិធម៌សម្រាប់អ៊ុយក្រែន ជាហេតុដែលយើងត្រៀមផែនការបញ្ចប់សង្រ្គាមឡើង»។

លោកមិនបានរៀបរាប់លម្អិតបន្ថែមទៀតអំពីជំហានបន្ទាប់នោះទេ ប៉ុន្តែបាននិយាយថាលោកក៏នឹងពិភាក្សាពីផែនការនេះជាមួយអនុប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ហើយក៏ប្រហែលជាពិភាក្សាផងដែរជាមួយសមាជិកបក្សសាធារណរដ្ឋ លោក Donald Trump ដែលជាបេក្ខភាពទាំងពីរសម្រាប់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។

លោក Zelenskiy បន្ថែមថា លោកសង្ឃឹមថានឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកក្នុងខែកញ្ញា ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ហើយថាលោកកំពុងរៀបចំជួបជាមួយលោក Biden ពិភាក្សារឿងនេះ៕