ការស្ទង់មតិថ្មី៖ លោក Trump នាំមុខលោកស្រី Harris លើសេដ្ឋកិច្ច និងអន្តោប្រវេសន៍
ការស្ទង់មតិថ្មីរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវ អ៊ីបសូស (Reuters/Ipsos) បង្ហាញថា លោក Donald Trump នាំមុខលោកស្រី Kamala Harris លើសេដ្ឋកិច្ច និងអន្តោប្រវេសន៍ ខណៈលោកស្រី Harris ហាក់ទទួលបានការគាំទ្រលើបញ្ហាឧក្រិដ្ឋកម្មក្នុងចំណោមអ្នកបោះឆ្នោតអាមេរិក ដែលជាសញ្ញាមួយបង្ហាញថា យុទ្ធនាការរបស់អនុប្រធានគណបក្សប្រជាធិបតេយ្យរូបនេះកំពុងប្រមូលផ្តុំសន្ទុះមុនការបោះឆ្នោតប្រធានាធិបតីថ្ងៃទី០៥ ខែវិច្ឆិកា ។
ការស្ទង់មតិរយៈពេលបីថ្ងៃដែលធ្វើឡើងនៅថ្ងៃទី២៣-២៥ ខែសីហា បានបង្ហាញថា វិធីសាស្រ្តរបស់លោកអតីតប្រធានាធិបតី Trump មកពីបក្សសាធារណរដ្ឋចំពោះសេដ្ឋកិច្ច និងការងារទទួលបានការគាំទ្រ ៤៣ភាគរយពីអ្នកបោះឆ្នោតដែលបានចុះឈ្មោះធៀបនឹង ៤០ភាគរយដែលចូលចិត្តវិធីសាស្រ្តរបស់លោកស្រី Harris។ ការស្ទង់មតិពីមុនរបស់ Reuters/Ipsos នៅចុងខែកក្កដាបានបង្ហាញថា លោក Trump បាននាំមុខរហូតដល់ ១១ពិន្ទុលើសេដ្ឋកិច្ច។
ចំពោះឧក្រិដ្ឋកម្ម និងអំពើពុករលួយវិញ លោកស្រី Harris និងលោក Trump ទទួលបានការគាំទ្រ ៤០ភាគរយដូចគ្នា ដោយបង្ហាញពីចលនាគាំទ្របន្ថែមទៀតឆ្ពោះទៅកាន់លោកស្រី Harris ដែលធ្លាប់តែតាមពីក្រោយលោក Trump ចំនួន ៥ពិន្ទុនៅក្នុងការស្ទង់មតិកាលខែកក្កដា។
អ្នកបោះឆ្នោតគាំទ្រលោកស្រី Harris លើលោក Trump លើបញ្ហានយោបាយជ្រុលនិយមក្នុងតួលេខ ៤២ភាគរយទល់នឹង ៣៦ភាគរយ ខណៈ Trump នាំមុខលើគោលនយោបាយអន្តោប្រវេសន៍ ក្នុងការគាំទ្រ ៤៥ភាគរយទល់នឹង ៣៧ភាគរយរបស់លោកស្រី Harris។
ការស្ទង់មតិថ្នាក់ជាតិនាពេលថ្មីៗនេះបង្ហាញឱ្យឃើញថា លោកស្រី Harris នាំមុខ ១ពិន្ទុលើលោក Trump គឺ ៤៣ភាគរយទល់នឹង ៤២ភាគរយ ចាប់តាំងពីលោកស្រីបានចូលប្រកួតប្រជែងនៅថ្ងៃទី២១ ខែកក្កដា បន្ទាប់ពីលោកប្រធានាធិបតី Joe Biden សម្រេចបោះបង់បេក្ខភាព៕