• The People Post

ទីក្រុងគីវ៖ ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់យានដ្រូនរុស្ស៊ី ២៤គ្រឿង

កងទ័ពអាកាសអ៊ុយក្រែន នៅថ្ងៃសៅរ៍ (ទី៣១ ខែសីហា) នេះ បាននិយាយថា ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់យានដ្រូនចំនួន ២៤គ្រឿង ក្នុងចំណោម ៥២គ្រឿង ដែលត្រូវបានបាញ់ដោយរុស្ស៊ីក្នុងអំឡុងពេលមានការវាយប្រហារ នាពេលយប់ លើតំបន់ចំនួន៨ នៅទូទាំងប្រទេសអ៊ុយក្រែន។

តាមរយៈសេចក្តីថ្លែងការណ៍ នៅលើកម្មវិធីផ្ញើសារ Telegram យោធាបានឲ្យដឹងថា យានដ្រូនប្រភេទ Shahed ២៥គ្រឿង បានធ្លាក់ដោយខ្លួនឯង ហើយ ៣គ្រឿងផ្សេងទៀត បានហោះឆ្ពោះទៅកាន់រុស្ស៊ី និងបេឡារុស។ មិនមានសេចក្តីរាយការណ៍ពីអ្នករងរបួស នៅក្នុងការវាយប្រហារ ឬការខូចខាតធំណាមួយដែលត្រូវបានបង្កឡើងនោះឡើយ។

គួរបញ្ជាក់ថា អ៊ុយក្រែនប្រើសង្គ្រាមអេឡិចត្រូនិក ក៏ដូចជាក្រុមតាមប្រមាញ់ចល័ត និងប្រព័ន្ធការពារយន្តហោះ ដើម្បីទប់ទល់ការវាយប្រហារជាញឹកញាប់ដោយយានដ្រូន និងមីស៊ីលរបស់រុស្ស៊ី។ ការជូនដំណឹងពីការវាយប្រហារតាមអាកាស បានបន្លឺឡើងជាច្រើនដង ក្នុងអំឡុងពេលមានការវាយប្រហារដោយយានដ្រូន នាពេលយប់នេះ ដោយមនុស្សជាច្រើនបានប្រញាប់ប្រញាល់ទៅកាន់ទីជម្រកលាក់ខ្លួន នៅពាក់កណ្តាលអធ្រាត្រ។

ក្រុមមន្ត្រីបាននិយាយថា នៅក្នុងរដ្ឋធានីគីវ ជាកន្លែងដែលការជូនដំណឹងមានរយៈពេលប្រហែល ៤ម៉ោង នេះគឺជាការវាយប្រហារដោយយានដ្រូនលើកទី៤ ក្នុងសប្តាហ៍នេះ។ មន្ត្រីទីក្រុងគីវ បានប្រាប់ថា យានដ្រូនទាំងអស់ ដែលដាក់គោលដៅលើទីក្រុងនេះ ត្រូវបានបាញ់ទម្លាក់ ហើយមិនមានរបាយការណ៍ពីការខូចខាតធំដុំនោះទេ។

ជាមួយគ្នានេះ ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន ក៏បានបាញ់ទម្លាក់ផងដែរនូវយានដ្រូនរបស់រុស្ស៊ី នៅតំបន់ Poltava, Cherkasy, Kyrovohrad និង Dnipropetrovsk កណ្តាលអ៊ុយក្រែន ព្រមទាំងនៅតំបន់ Chernihiv និង Sumy នៅភាគខាងជើង ហើយនិងតំបន់ Mykolayiv នៅភាគខាងត្បូង៕